ក្រុមហ៊ុន K (Cambodia) Co., Ltd (Isuzu Cambodia) បានបង្កើតឡើងកាលខែកុម្ភៈ ឆ្នាំ២០០៩ ដោយទទួលបានសិទ្ធិពីក្រុមហ៊ុនជប៉ុន Isuzu Motors Limited និងក្រុមហ៊ុនថៃ Tri Petch Isuzu Sales Co., Ltd. ក្នុងការនាំចូល លក់ចែកចាយរថយន្តម៉ាក Isuzu រួមមានម៉ូដែល Isuzu D-MAX Pick Up, Isuzu Mu-X SUV និងរថយន្តដឹកទំនិញធុនធ្ងន់ មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ កាលឆ្នាំ២០១៦។

អគ្គនាយកនៃក្រុមហ៊ុនរថយន្ត Isuzu ប្រចាំកម្ពុជា គឺជនជាតិជប៉ុន លោក Shuichiro Mori។ លោកបានឡើងកាន់តួនាទីនេះ តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ហើយកន្លងមកលោកក៏បានជួយការងារសង្គមជាច្រើន ដោយបរិច្ចាគសម្ភារៈ និងថវិកា ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទប់ស្កាត់បញ្ហាកូវីដ-១៩ និងគ្រោះធម្មជាតិផ្សេងៗ។

គួរបញ្ជាក់ថា កាលចុងឆ្នាំ២០១៩ ក្រុមហ៊ុន Isuzu បានប្រកាសតែងតាំងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាទូតសុឆន្ទៈ តំណាងឱ្យរថយន្ត Isuzu D-Max Blue Power ដើម្បីឱ្យជួយផ្សព្វផ្សាយ និងឱ្យមានការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀតផងដែរ៕


