នៅថ្ងៃព្រហស្បតិ៍ ១រោចខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ព្រះសង្ឃខ្មែរនៃព្រះពុទ្ធសាសនា បានបវរណាចូលវស្សា តាមលំអានពុទ្ធបវេណី នៅតាមវត្តអារាមនីមួយៗទូទាំងប្រទេសរយៈពេល ៣ខែ។


ដើម្បីចូលរួមអបអរអនុមោទនាជ្រះថ្លាសាសនាវិធីចូលវស្សា នៅយប់ថ្ងៃព្រហស្បតិ៍នេះ ឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងឧត្តមសេនីយ៍ឯក សុខ មនោរម្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមថ្វាយផ្កាភ្ញីទៀនចំណាប់ព្រះវស្សា ហើយក៏ប្រគេនទេយ្យទាន ភេសជ្ជៈព្រះសង្ឃ ក្នុងព័ទ្ធសីមាវត្តព្រែកឬស្សី ក្រោយអធិបតីភាពព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថា្នក់ទោ ព្រះបាឡាត់វទីវង្សា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ។



ទន្ទឹមនឹងនោះ លោកឧកញ៉ា និងឧត្តមសេនីយ៍ឯក ក៏មានសទ្ធាជ្រះថ្លាប្រគេនទៀនចំណាប់ព្រះវស្សា ទេយ្យទាន ភេសជ្ជៈ និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ៥វត្ត រួមទាំងជូនទេយ្យទានដល់យាយជី តាជី ចំនួន ៤០រូបផងដែរ។


ក្នុងឱកាសថ្ងៃបំពេញបុណ្យនាពេលនេះ ក្រោមវត្តមានអ្នកមានគុណមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គី ឈីវសៀម លោកឧកញ៉ា សុខ ស្រស់ ឧត្តមសេនីយ៍ឯក សុខ មនោរម្យនិងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសទ្ធាជ្រះថ្លានេះ សូមឧទ្ទិសបុណ្យកុសលជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេងអាយ និងឯកឧត្តម ម៉ក់ សំអឿន ព្រមទាំងបុព្វការីជនទាំងឡាយទាំងពួង ដែលបានបែកកាយរំលាយខន្ធទៅកាន់បរលោក សូមមកទទួលនូវមហាកុសលនេះកុំខាន ។ ម្យ៉ាងទៀតសូមជូនបុណ្យកុសលដល់សាមុីទាន សូមជួបប្រទៈនូវពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណៈ សុខ ពល: កុំបីអាក់ខានឡើ។

គួររំលឹកផងថា កាលពីថ្ងៃទី១២ កក្កដានេះ លោកឧកញ៉ា សុខ ស្រស់ និងលោកជំទាវ បាននាំទេយ្យទាន និងបច្ច័យបួនប្រគេនព្រះសង្ឃចំនួន ៩វត្ត ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីទុកជាគ្រឿងទ្រទ្រង់ដល់ការចាំព្រះវស្សារបស់ព្រះសង្ឃ ក្រោមព្រះវត្តមានសម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីវអៀវ ប្រេងឆា ស្ករសរ ទឹកសុទ្ធ មីកញ្ចប់ ត្រីខ ភេសជ្ជៈ និងទានចំណាំព្រះវស្សាជាដើម។

វត្តអារាមទាំង ៩វត្តនោះរួមមាន៖ វត្តចំពុះក្អែក, វត្តព្រែកឬស្សី, វត្តក្រពើហា, វត្តតាខ្មៅ, វត្តវាំងចាស់, វត្តកោកកាក, វត្តបិទមាស, វត្តបឹងខ្ចាង និងវត្តព្រែកហូរ៕
















