អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្ហើបឱ្យដឹងថា កាលពីជាង២០ឆ្នាំមុន អ្នកម្តាយរបស់លោក គឺលោកជំទាវអ្នកឧកញ៉ា ភាព ហៀក បាននាំរូបលោកទៅជួបធនាគារ ដើម្បីខ្ចីលុយប្រមាណ ៥ម៉ឺន ឬ៧ម៉ឺនដុល្លារ ដើម្បីឱ្យរូបលោកបានបន្តសិក្សានៅក្រៅប្រទេស។
ជាសារមួយផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖ “ខ្ញុំចង់បញ្ជាក់ដល់ប្អូនៗដែរថា កាលពី២០ជាងឆ្នាំមុន នៅឆ្នាំ១៩៩៣ ឬ១៩៩៤ ម្តាយរបស់ខ្ញុំបានទៅជួបធនាគារជាមួយខ្ញុំ ដើម្បីខ្ចីលុយ ៧ម៉ឺន ឬមួយ ៥ម៉ឺនដុល្លារ ដើម្បីឱ្យកូនបន្តសិក្សានៅក្រៅប្រទេស។ គាត់ថាចង់ឱ្យកូនគាត់មានជំនាញពិតប្រាកដមួយ និងមានចំណេះដឹងដ៏ល្អ។ នេះជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន”។
អ្នកឧកញ៉ា លាង ម៉េង បានរំឭកផងដែរថា តាមពិតក្រុមហ៊ុន ជីប ម៉ុង ដំបូងឡើយជាក្រុមហ៊ុនមួយតូច ប៉ុន្តែមានចិត្តមួយដ៏ធំ និងមានចក្ខុវិស័យមួយដ៏វែងឆ្ងាយ។ លោកឧកញ៉ា បញ្ជាក់ថា មកដល់សព្វថ្ងៃនេះ អាជីវកម្មធំៗរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺមានរហូតដល់ទៅ ១៩ក្រុមហ៊ុន។ កត្តាជោគជ័យទាំងនេះ គឺដោយសារតែក្រុមហ៊ុនមានថ្នាក់ដឹកនាំ សុទ្ធតែជើងខ្លាំងដែលមានចំណេះ ជំនាញ និងទស្សនៈវិស័យវិនិយោគវែងឆ្ងាយ។
គួរបញ្ជាក់ថា ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា លាង ម៉េង អគ្គនាយក ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ គឺកាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០៕