ការប្រកួតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW (Keller Williams) Cambodia League ដែលបង្កើតឡើងដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង បានវិលត្រឡប់មកវិញហើយ។ សម្រាប់ឆ្នាំ២០២២នេះ គឺជារដូវកាលទី១០ ហើយនឹងមានក្រុមបាល់ទាត់ ១៦ក្រុមចូលរួម ខណៈដែលការប្រកួតជាផ្លូវការ នឹងចាប់ផ្តើម ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ តើពានរង្វាន់មួយនេះ មានប្រវត្តិបែបណា?
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមាន សំណាង បានថ្លែងប្រាប់ឧកញ៉ាញ៉ូស៍ ឱ្យដឹងថា ពានរង្វាន់ KW Cambodia League បង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដោយប្រើពាក្យថា Khmer Real Estate League ដែលពេលនោះមានត្រឹម ១២ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នៅតែប្រើឈ្មោះថា Khmer Real Estate League ដែលជាក្រុមហ៊ុនរបស់លោកដដែល។ រីឯចាប់ពីឆ្នាំ២០១៩មក លីគមួយនេះ ត្រូវបានប្តូរឈ្មោះមក KW Cambodia League រហូតមកដល់បច្ចុប្បន្ន លើកលែងឆ្នាំ២០២១ ដែលពុំបានរៀបចំការប្រកួត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ពានរង្វាន់មួយនេះ ជាពានរង្វាន់ឯកជនចាស់វស្សាជាងគេ និងធំជាងគេ។ ក្រុមដែលចូលលេងក្នុងពាននេះ គឺកីឡាករចាប់ពីពាក់កណ្តាលអាជីពឡើងទៅ និងលក្ខខណ្ឌបើកចំហរ ទោះក្រុមលេងនៅ Cambodia League 2 ឬកីឡាករបរទេសក៏អាចចូលរួមបាន លើកលែងតែក្រុមលេងនៅលីគកំពូលកម្ពុជា។ ក្នុងចំណោម១៦ក្រុម ក៏មានក្រុមបរទេស ៤ឬ៥ក្រុមចូលរួមផងដែរ។ យ៉ាងណាមិញ សម្រាប់ក្រុមរបស់លោកឧកញ៉ាផ្ទាល់ Khmer United FC សមាជិកសរុប ២៥នាក់ គឺមានកីឡាករបរទេសចំនួន ៦នាក់។
KW Cambodia League ជាពានរង្វាន់ប្រកួតប្រជែងគ្នាខ្លាំង ដែលលេងរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ នៅវិទ្យាល័យបឹងត្របែក ដោយមួយថ្ងៃលេង ៤ប្រកួត និង៨ប្រកួត ក្នុងមួយសប្តាហ៍។ ដោយសារមាន១៦ក្រុម ដូច្នេះត្រូវលេង ១៥ប្រកួតសម្រាប់ក្រុមនីមួយៗ ហើយក្រុមណាបានពិន្ទុខ្ពស់ជាងគេ នឹងលើកពាន KW Cambodia League ជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ ចំណែកលេខ២ ដល់លេង៥ នឹងត្រូវលេងវគ្គខ្វែងជម្រុះ ហើយក្រុមណាឈ្នះ នឹងលើកពាន KW Cambodia Cup ហើយសម្រាប់ពាន Cup នេះ នឹងទទួលបានទឹកប្រាក់ ៥០០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា ដើម្បីជាការអបអរពិធីបើកពានរង្វាន់ KW Cambodia League 2022 ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានបង្កើតការប្រកួតដ៏ជក់ចិត្តមួយផងដែរ គឺការប៉ះគ្នារវាងក្រុម TN Kandal FC ម្ចាស់ជើងឯក KW Cambodia League 2020 និង Khmer United FC ម្ចាស់ជើងឯក KW Cambodia Cup 2022 នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលការប្រកួតនេះ នឹងយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕