ឧកញ៉ា ស៊ន សុខណា មានកូនស្រី​ស្រស់ស្អាត៣នាក់ កាន់តួនាទីធំៗនៅក្រុមហ៊ុន សូណាត្រា គ្រុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស៊ន សុខណា ជាអ្នកជំនួញដែលមានឥទ្ធិពលមួយរូប ក្នុងពិភពលោកជំនួញនៅប្រទេសកម្ពុជា ឈរលំដាប់លេខរៀងទី១ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ១៩៩៩មក និង​ ឈរលេខរៀងពី​ក្រោយ​អ្នកឧកញ៉ា គិត ម៉េង។ លោក​ឧកញ៉ា ជាពាណិជ្ជករដ៏ឆ្នើម និងជាថ្នាក់ដឹកនាំមួយរូបមាន​ទស្សន​វិស័យវែងឆ្ងាយ ដែល​បច្ចុប្បន្ន​នេះ​​លោក​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​១០ ​​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​មេ សូណាត្រា គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជោគជ័យ​លើ​មុខ​ជំនួញ ​​​​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ ក៏​មាន​ការ​រួម​ចំណែក​ជួយ​ជ្រោម​ជ្រែង​ពី​កូន​ស្រី​ទាំង​៣​រូប​របស់​លោក​ឧកញ៉ា​ផង​ដែរ។ ថ្ងៃនេះ​ ឧកញ៉ាញូ៉ស៍ សូម​ណែនាំ​ឱ្យ​ស្គាល់​កូន​ស្រី​ទាំង​៣ របស់​ឧកញ៉ា ស៊ន សុខណា ​​​ដូច​ខាង​ក្រោម៖

១. លោកជំទាវ សុខណា រចនា

លោកជំទាវ សុខណា រចនា ជានាយករង​នៃ​ក្រុមហ៊ុន​មូលបត្រ សូណាត្រា ហើយ​ជា​ប្រធាន​ភ្នាក់ងារ​ជួញ​ដូរ​មូលបត្រ​​នៃ​ក្រុមហ៊ុន​មូលបត្រ​ដែល​ទទួល​ស្គាល់ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា ហើយ​លោក​ជំទាវ​ក៏​ជា​សាស្ត្រាចារ្យ​នៅ​​​​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ផង​ដែរ។ លោកជំទាវ ​​បាន​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជា​ច្រើន​ និង​ធ្លាប់​មាន​បទពិសោធន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ដី​ធ្លី​នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី។

លោកជំទាវ សុខណា រចនា បាន​បញ្ចប់​ការ​​សិក្សា​បរិញ្ញាបត្រ​ផ្នែក​កិច្ចការ​រដ្ឋបាល​ពាណិជ្ជកម្ម ហើយ​ក័​ជា​សិស្ស​ពូកែ​នៅ​សាកលវិទ្យាល័យ Royal Melbourne ប្រទេសអូស្ត្រាលី។ លោកជំទាវ ​​បាន​បញ្ចប​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ អនុវត្ត​ពី​សាកលវិទ្យាល័យ Monash ក្នុង​ទីក្រុង Melbourne។ បច្ចុប្បន្ន​នេះ លោក​ជំទាវ គឺជា​ប្រធាន​គណៈកម្មាធិការ​តែងតាំង នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សូណាត្រា។

២. លោកជំទាវ សុខណា កុឡាបបុផ្ផា

លោកជំទាវ សុខណា កុឡាបបុផ្ផា ជានាយក និងជា​អគ្គនាយករង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី។ លោកជំទាវ ​​បាន​ចូល​ក្នុង​ស្ថាប័ន​នេះ​​​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ហើយ​បាន​ដឹក​នាំ​ស្ថាប័ន​នេះ​រហូត​ដល់​បច្ចុប្បន្ន។ ចាប់ពី​ឆ្នាំ​២០១០ ​​ដល់​ឆ្នាំ​២០១៥ លោកជំទាវ បាន​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា ជា​ប្រធាន​ហិរញ្ញវត្ថុ ហើយ​ក៏​ជា​ស្ថាបនិក​នៃ​ក្រុម Soben Hostel ផង​ដែរ។

ចាប់ពីឆ្នាំ​១៩៩៥ ​​ដល់​ឆ្នាំ​២០០៣ ​​លោកជំទាវ សុខណា កុឡាបបុផ្ផា បាន​សិក្សា​ថ្នាក់​បឋម​សិក្សា និង​មធ្យម​សិក្សា​ Dunman ក្នុង​ប្រទេស​សិង្ហបុរី។ ក្រោយ​មក​លោក​ជំទាវ ​​បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​សិក្សា​នៅ​មហាវិទ្យាល័យ​វ៉េសលីដែល ជា​កន្លែង​ដែល​លោកជំទាវ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​អន្តរជាតិ។ បន្ទាប់​មក លោក​ជំទាវ​បាន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ ជំនាញ​គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ​ Monash ក្នុង​ប្រទេស​អូស្ត្រាលី។

អំឡុង​ពេល​ដែល​លោក​ជំទាវ​វិល​ត្រឡប់​​មក​រស់​នៅ​ប្រទេស​កម្ពុជា ​​លោក​ជំទាវ សុខណា កុឡាបបុផ្ផា ​​បាន​​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​សង្គម។ ក្នុង​ឆ្នាំ​២០១៣ ​​លោក​ជំទាវ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​មហា​ក្សត្រ ជា​ទី​ប្រឹក្សា​របស់​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា (ឋានៈស្មើ​ អនុរដ្ឋលេខាធិការ)។ នៅ​ឆ្នាំ​២០១៦ លោក​ជំទាវ ​​បាន​​ទទួល​មេដាយ​រាជវង្ស (ព្រះរាជាណាចក្រកម្ពុជា – មហាសេនា)។

៣. លោកស្រី សុខណា សុជាតា

លោកស្រី សុខណា សុជាតា ​ជាប្រធានប្រតិបត្តិការ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី និង​ជា​ជំនួយការ​​​​ប្រធាន​ផ្នែក​ប្រតិបត្តិ​ នៃ​​ក្រុមហ៊ុន​ មូលបត្រ សូណាត្រា។ លោកស្រី ក៏​ជា​​ប្រធាន​ផ្នែករដ្ឋបាល នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុកម្ពុជា ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន សូណាត្រា គ្រុប និង​ជា​អ្នកចាត់ការ​ទូទៅ ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​សូណាត្រា ខនស្ត្រាក់សិន ខូអិលធីឌី​ផង​ដែរ។

លោកស្រី សុខណា សុជាតា បានបញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​ ផ្នែក​ជំនួញ​និង​ពាណិជ្ជកម្ម​ (ហិរញ្ញវត្ថុ​និងទីផ្សារ) ពី​សាកលវិទ្យាល័យ​ Monash នៅ​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី ​​ក្នុង​ឆ្នាំ​២០១៣។ ​លោកស្រី ​​បាន​សិក្សា​​ចប់​​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី ​​កាល​ឆ្នាំ​២០០៩ និង​បាន​សិក្សា​ថ្នាក់​បឋម (ថ្នាក់ទី១-ថ្នាក់ទី៦) ​​នៅ​ប្រទេស​សិង្ហបុរី។ លោកស្រី ​​ចេះ​​និយាយ​បាន​៣​ភាសា​យ៉ាង​ស្ទាត់​ជំនាញ គឺ​ភាសាខ្មែរ ភាសា​អង់គ្លេស និង​ភាសាចិន៕