ឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានលើកឡើងថា លោកនឹងប្រើប្រាស់រថយន្តថ្មីរបស់ខ្លួន Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃជាង ១លានដុល្លារ ដើម្បីជួយពន្លឿនការងារសង្គម។

រថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលលោកឧកញ៉ាបញ្ជាទិញ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ គឺមានតម្លៃប្រមាណជាង ១លាន២សែនដុល្លារអាមេរិក (1.2M)។ នេះបើតាមប្រភពក្រៅផ្លូវការប្រាប់ឧកញ៉ាញូស៍ កាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។
ឧកញ៉ា ហេង ឡុង បានបង្ហោះរូបភាពភ្ជាប់ជាមួយសារលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “សេះខ្មៅទាំងពីរ សម្រាប់ពន្លឿនការងារ ដើម្បីជីវភាព និងសង្គម..ប្រឹងប្រែងទៀតបងប្អូនយើង”។ សម្រាប់ពាក្យថា «សេះខ្មៅទាំងពីរ» គឺលោកចង់សំដៅដល់រថយន្ត Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ និងឧទ្ធម្ភាគចក្រ ដែលនៅពីក្រោយខ្នងរបស់លោក។

សូមបញ្ជាក់ថា ឧកញ៉ា ហេង ឡុង ជាបុគ្គលម្នាក់ដែលបានជួយការងារសង្គមជាច្រើនជាមួយរដ្ឋាភិបាល ហើយជានិច្ចកាល លោកតែងតែចេញមុខជួយដោះស្រាយបញ្ហាទុក្ខលំបាក តាមរយៈការឧបត្ថម្ភដល់សិល្បករជើងចាស់ និងដោះស្រាយវិវាទតារាជាដើម។ លោកឧកញ៉ា ក៏កំពុងក្តោបក្តាប់មុខជំនួញគ្រាក់ៗនៅក្នុងដៃផងដែរ ប៉ុន្តែលោកមិនសូវបង្ហាញជាសាធារណៈនោះទេ។ លោកត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២៕

