ជិតដល់ថ្ងៃគម្រប់ ២០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ លោកជំទាវ សុខ ស្រីអូន ស្រាប់តែជូនកាដូ surpriseលោកឧកញ៉ា អុឹង គីមហុង ឡើងញញឹមបិទមាត់សឹងជិត។ ខ្សែកមាសសុទ្ធទម្ងន់សរុប ដល់ទៅមួយគីឡូកន្លះ គឺជាកាដូដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់លោកឧកញ៉ា អុឹង គីមហុង។


តាមការបញ្ជាក់ឱ្យដឹងពី លោកឧកញ៉ា អុឹង គីមហុង ថា៖ “ខ្សែកមាសនេះ មានទម្ងន់ ៣៩តម្លឹង បើគិតជាលុយ ប្រហែលជាង ៩ម៉ឺនដុល្លារ ដែលជំទាវតូចខ្ញុំ គាត់ធ្វើជូន ហើយនេះជាកាដូមុនថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២០ឆ្នាំ របស់ពួកខ្ញុំ”។


បើយោងតាមរូបភាពខ្សែកមាសទម្ងន់ ៣៩តម្លឹង ដែលលោកឧកញ៉ា អុឹង គីមហុង បានបង្ហោះនោះ ពិតជាមានទំហំធំលើសពីខ្សែកមាសធម្មតា ដែលគ្រប់គ្នាធ្វើពាក់ ហើយជាពិសេស គឺភាពទាក់ទាញនៅត្រង់បន្តោងខ្សែកនោះតែម្ដង។
នៅលើបន្តោងខ្សែកមាសទម្ងន់មួយគីឡូកន្លះនោះ លោកជំទាវ សុខ ស្រីអូន បានកុម្ម៉ង់ជាងឱ្យច្នៃចេញជាម៉ូដក្បូរក្បាច់ជុំវិញយ៉ាងស្រស់ស្អាត ឯនៅខាងលើបន្តោងដដែលនោះ គេឃើញមានរំលេចពាក្យមួយឃ្លា ដែលជារហ័សនាមហៅក្រៅ របស់លោកឧកញ៉ា គឺពាក្យថា “ឧកញ៉ា គួរអោយស្រលាញ់”។

នៅខាងក្រោមពាក្យឧកញ៉ាគួរអោយស្រលាញ់ គែក៏ឃើញមាន រូប Logo តំណាងក្រុមហ៊ុន TLL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ មានទីតាំងនៅជាប់ផ្លូវជាតិលេខ ៥១ លើផ្ទៃដីរហូតដល់ ១៣០ហិចតា។



ចំណងអាពាហ៍ពិពាហ៍ជិត ២០ឆ្នាំ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL និងលោកជំទាវ សុខ ស្រីអូន គិតមកទល់ពេលនេះ ពួកគាត់មានបុត្រាបុត្រីគួរឱ្យស្រលាញ់ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)។ ក្រៅពីនេះ លោកឧកញ៉ា និងលោកជំទាវ ក៏មានមុខជំនួញជាច្រើននៅក្នុងដៃថែមទៀតផង៕


