នៅព្រឹកថ្ងៃអាទិត្យនេះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានទម្លាយអាថ៌កំបាំងពីប្រវត្តិរបស់ខ្លួន ដែលធ្លាប់ប្រកបរបរ៧មុខ រយៈពេល៦ឆ្នាំ ដូចជា លក់ស្បែកជើង, លក់ខោអាវថ្មី, លក់ខោអាវជជុះ, លក់កាហ្វេ, លក់បាយ, លក់បបរ និងកាត់ដេរម៉ូត តែបរាជ័យទាំងអស់ មុននឹងលោកស្រីមានអាជីវកម្មរីកចម្រើន រហូតឈានដល់ក្លាយជាម្ចាស់ហាងលក់ពេជ្រ ដូចពេលបច្ចុប្បន្ន។

លោកស្រី ទ្រី ដាណា បានសរសេរសារដ៏វែងអន្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
“ថ្ងៃនេះចង់ចែករំលែកពីជីវិតអាជេបន្តិច បងប្អូនមានឆ្ងល់ទេថាហេតុអីបានខ្ញុំទើបតែអាយុ៣០ជាង ហើយខ្ញុំអាចសល់លុយសល់កាក់ល្មមអាចធ្វើឲ្យខ្ញុំរស់ស្រួលបាន ហើយមានបុគ្គលមិនតិចទេដែលចង់បានជីវិតដូចខ្ញុំ តែបងប្អូនមានដឹងទេថាជីវិតមួយនេះវាហត់នឿយប៉ុណ្ណា ប៉ុន្តែខ្ញុំមិនបាននិយាយពីភាពហត់នឿយរបស់ខ្ញុំទេ។ ខ្ញុំគ្រាន់តែចង់ជម្រាបជូនបងប្អូនមួយចំនួនដែលចង់បានជីវភាពធូរធារ និងចង់បានប្រាក់ចំណូលច្រើន បងប្អូនត្រូវធ្វើយ៉ាងម៉េចតែប៉ុណ្ណោះ។
ខ្ញុំកើតនៅឆ្នាំ១៩៨៧ កាលពីក្មេងខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្តធ្វើការងារផ្ទះទេ។ ខ្ញុំចូលចិត្តរកស៊ីតាំងតែពីតូចមក ហើយខ្ញុំក៏សុំម្ដាយរបស់ខ្ញុំតាមរហូត ហើយមើលពីការនិយាយស្ដីរបស់គាត់ទៅកាន់អតិថិជន។ ម្ដាយរបស់ខ្ញុំជាមនុស្សម្នាក់ដែលឯករាជ្យមិនមានមិត្តភក្កិ រញ៉េរញ៉ៃច្រើន រហូតមកដល់ខ្ញុំក៏មានចរិតបែបនោះដូចគ្នា។

រហូតមកដល់ឆ្នាំ ២០០៤ ខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯង ពេលនោះខ្ញុំទើបតែអាយុ ១៧ឆ្នាំទេ ប៉ុន្តែបងប្អូនមិនដឹងទេថា ការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំនោះគឺខ្ញុំខាត់បង់ខ្លាំងមែនទែន ដោយសារខ្ញុំមិនមានបទពិសោធន៍នៅក្នុងការរកស៊ី ចេះតែធ្វើតាមចិត្តចង់ និងគ្មានគោលដៅច្បាស់លាស់។ ខ្ញុំកាលនោះមានក្តីស្រមៃមួយថាខ្ញុំចង់ក្លាយទៅជាអ្នកជំនួញដ៏ឆ្នើមមួយរូបទៅថ្ងៃអនាគត់។ ខ្ញុំខំបន្តហើយបន្តទៀតខ្ញុំនៅតែខាតបង់។ រយៈពេល ៦ឆ្នាំដែលខ្ញុំរកគោលដៅមិនឃើញ ដោយសារខ្ញុំមិនមានភាពច្បាស់លាស់នៅក្នុងការធ្វើជំនួញចាប់មុខនេះបន្តិចចាប់មុខនោះបន្តិច។
បងប្អូនដឹងទេថារយៈពេល ៦ឆ្នាំ តើខ្ញុំឆ្លងកាត់ជំនួញប៉ុន្មានមុខ(លក់ស្បែកជើង, លក់ខោអាវថ្មី, លក់ខោអាវជជុះ, លក់កាហ្វេ, លក់បាយ, លក់បបរ, កាត់ដេរម៉ូត) រយៈពេល ៦ឆ្នាំ ដែលខ្ញុំបានឆ្លងកាត់អាជីវកម្មជាច្រើនដែលមិនទទួលបានភាពជោគជ័យ។ កត្តាដែលធ្វើឲ្យខ្ញុំមិនទទួលបានភាពជោគជ័យនោះដោយសារខ្ញុំនៅក្មេងពេក ហើយការគិតនិងការពិចារណាមិនបានដិតដល់ ហើយខ្ញុំចូលចិត្ត ងាកមើលនិងប្រៀបធៀបជីវិតខ្លួនឯងទៅនិងជីវិតអ្នកដទៃ ដោយសារពេលនោះគឺខ្ញុំនៅក្មេងពេក។

បន្ទាប់មកទៀត ខ្ញុំតែងតែគិតថាតើការប្រៀបធៀបរបស់ខ្ញុំបានអីមកខ្ញុំវិញ? ជីវិតរបស់ខ្ញុំតាំងតែពីដឹងក្តីមកមិនដែលស្គាល់ពាក្យថាមិត្តភក្កិ និងដើរលេងអីទេ ដោយសារខ្ញុំគិតតែម្យ៉ាងខ្ញុំចង់សម្រេចក្តីសុបិនរបស់ខ្ញុំ ថាខ្ញុំនឹងអាចក្លាយទៅជាអ្នកជំនួញមួយដល់ជោគជ័យទៅថ្ងៃក្រោយ។ ខ្ញុំនៅតែបន្តការស្រមៃនិងការអនុវត្តផ្ទាល់របស់ខ្ញុំបន្តទៀត ទោះជាខ្ញុំខ្ញុំបរាជ័យមករយៈពេល ៦ឆ្នាំហើយក៏ដោយ ខ្ញុំមិនបោះបង់ ខ្ញុំមិនបាក់ទឹកចិត្ត ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង ហើយខ្ញុំតែងតែបន្តធ្វើវាជារៀងរហូតជារាងរាល់ថ្ងៃ។
ក្រោយមកចាប់ពីឆ្នាំ ២០១០ ខ្ញុំលែងប្រៀបធៀប ខ្លួនឯងនិងអ្នកដទៃ ខ្ញុំលែងខ្វល់នឹងរឿងអ្នកដទៃដែលគ្មានបានអ្វីមកខ្ញុំនោះ គឺខ្ញុំគិតតែពីរឿងរកស៊ីតែមួយមុខហើយនឹងដើរទៅរកគោលដៅដែលខ្ញុំបានកំណត់ចាប់តាំងពីពេលនោះមកការរកស៊ីរបស់ខ្ញុំរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្ដើមពីការលក់ខោអាវក្រោមឆ័ត្រនៅចុងឆ្នាំ២០១០ នៅតាមរោងចក្រ។

ការរីកចម្រើនរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យខ្ញុំចេះស្គាល់ពីគោលដៅច្បាស់ ដោយដឹងថាការមិនខ្វល់ពីអ្នកដទៃ ការមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ធ្វើអោយអារម្មណ៍របស់យើងមូល ធ្វើឲ្យអារម្មណ៍របស់យើងគិតតែពីគោលដៅ និងការគិតខំប្រឹងប្រែងចំគោលដៅ។ ចាប់តាំងពីពេលនោះមក ភាពរីកចម្រើនរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃលក់បែបនោះរយៈពេលមួយឆ្នាំ ខ្ញុំមានដើមទុនល្មមគួរសមខ្ញុំក៏បន្ថែមនូវមុខរបរបន្តលក់ទៅលក់គ្រឿងក្រអូប។ ខ្ញុំលក់ចាប់តាំងពីឆ្នាំ ២០១១ ហើយខ្ញុំដឹងច្បាស់ពីការដែលយើងមានគោលដៅច្បាស់លាស់ យើងដើរទៅរកគោលដៅដោយមិនខ្វល់ពីអ្នកដ៏ទៃ ដោយមិនខ្វល់ពីរឿងរបស់អ្នកដទៃ ស្គាល់ខ្លួនឯងច្បាស់ពេលនោះខ្ញុំចាប់ផ្ដើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតខ្ញុំក្លាយទៅជាដេប៉ូបោះដុំធំមួយដែលមានបុគ្គលិកជិត ៣០នាក់ជួយលក់។
បន្ទាប់មកទៀតក្នុងឆ្នាំ ២០១៥ ខ្ញុំក៏មានធនធានគួរសមអាចល្មមចុះចំណោមគេបាន មានផ្ទះមានឡានទំនើបជិះនឹងមានលុយកាក់សមរម្យ ដែលមនុស្សម្នារជាច្រើនរាប់រកខ្ញុំច្រើនណាស់។ ខ្ញុំនៅតែបន្តបន្ថែមខំប្រឹងទៀតដើម្បីសម្រេចគោលដៅធំ។ បន្ទាប់មកឆ្នាំ ២០១៧ ខ្ញុំក៏សម្រេចបើកក្រុមហ៊ុនមួយ ដែលបងប្អូនធ្លាប់ឃើញគឺ NNP នោះ។ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងការបើកប្រេន និងក្រុមហ៊ុនរបស់ខ្ញុំនោះ ខ្ញុំក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតដល់ខ្ញុំសម្រេចក្តីស្រមៃមួយទៀត គឺខ្ញុំបើកហាងមាសពេជ្ររហូតដល់សព្វថ្ងៃនេះ។
សរុបរួមឲ្យខ្លីមកបងប្អូនដឹងទេថាជីវិតរបស់ខ្ញុំ គឺមិនបានខ្វាយខ្វល់រឿងអ្នកណាម្នាក់ ដែលធ្វើឲ្យខ្ញុំឈឺក្បាលឡើយ គឺខ្ញុំដឹងតែមួយមុខគត់គឺខំប្រឹងដើម្បីគោលដៅរបស់ខ្ញុំ។ ទទួលស្គាល់ថាមនុស្សមិនតិចនាក់ទេ ដែលចង់បានជីវិតដូចខ្ញុំ ប៉ុន្តែបងប្អូនត្រូវដឹងថាគ្រប់យ៉ាងវាមិនមែនបានមកដោយស្រួលទេ ទាល់តែយើងបើកចិត្តឱ្យទូលាយហើយនឹងសាង អំពើល្អឲ្យបានច្រើន គួបផ្សំនឹងភាពវ័យឆ្លាតរបស់យើងផងនោះរួមទាំងការអនុវត្តផ្ទាល់ប្រចាំថ្ងៃនេះ យើងនឹងសម្រេចបានសេចក្តីស្រមៃរបស់យើងមិនខាន។
សារចុងក្រោយនេះ គឺចង់ហើយបងប្អូនទាំងអស់គ្នាកុំយកជីវិតខ្លួនឯង ទៅប្រៀបធៀបជាមួយជីវិតរបស់អ្នកដទៃ…តស៊ូឡើង”។

គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា នឹងបើកសម្ពោធ ហាងពេជ្រ ដាណាទ្រី សាខាច្បារអំពៅ ថ្មីមួយទៀតជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីហាងពេជ្ររបស់លោកស្រី ទទួលបានជោគជ័យដ៏ធំធេង នៅសាខាធំ លើមហាវិធីឈ្នះ-ឈ្នះ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕
