កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាខេត្តសៀមរាប។

អគារសិក្សាថ្មី ដែលជាសាខាទី៧នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កញ្ញា គង់ លក្ខិណា នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា អគារសិក្សាថ្មីនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុកភាពក្នុងការសិក្សា។ បរិក្ខាទំនើបៗ ក្នុងទីតាំងនីមួយៗបានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងផងដែរ លោកនិងសហការី ពិតជាមានមោទនភាព និងសេចក្តីសោមនស្សក្រៃលែងចំពោះអគារសិក្សាថ្មីនេះ ហើយនេះជាសមិទ្ធផលធំមួយទៀត ក្នុងប្រវត្តិសាស្ត្រររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៦សាខារួចមកហើយ ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សាលារៀន Aii និង AIS មាន៦ទីតាំងនៅរាជធានីភ្នំពេញ មានដូចជា សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ។ អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់បន្ថែមថា លោកនឹងបន្តពង្រីកសាខានៅតាមបណ្តាខេត្តជាច្រើនទៀត មានដូចជាសាខាខេត្តតាកែវ កំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង និងសាខាទួលសង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខ ជាបន្តបន្ទាប់ផងដែរ៕


