អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី និងជាស្ថាបនិកសាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ បានប្រកាសបញ្ចុះតម្លៃសិក្សា ៥០% សម្រាប់ឆ្នាំទី១ ដល់អតិថិជននិងសិក្សានុសិស្សទាំងអស់ ដែលរស់នៅក្នុងបុរីពិភពថ្មី ទាំង៤ទីតាំងគឺ ឈូកវ៉ា២ កួរស្រូវ២ ផ្លូវជាតិលេខ៣ និងកំបូល៣។

តាមរយៈការប្រកាសតាមទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ា កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា បានឱ្យដឹងថា សម្រាប់សិស្សានុសិស្សដែលចុះឈ្មោះចាប់ពីពេលនេះ នៅតាមសាខាទាំង៤ខាងលើ នឹងទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ឆ្នាំទី១, ៤០% សម្រាប់ឆ្នាំទី២ និងបញ្ចុះ ៣០% ចាប់ពីឆ្នាំទី៣ រហូតដល់ចប់ថ្នាក់ទី១២។

សូមបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចាប់ដៃគ្នាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២៕

