ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League 2022 រដូវកាលទី១០ ពិតជាតឹងតែងណាស់ ដោយមានក្រុមចូលរួមប្រកួត ១៨ក្រុម និងមានកីឡាករចូលរួមប្រកួតសរុបជាង ៥០០នាក់ ពិសេសមានកីឡាករបរទេសចំរុះជាតិសាសន៌ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៌។ នេះបើតាមការឱ្យដឹងពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកពាន KW Cambodia League។
ពានរង្វាន់ KW Cambodia League 2022 រដូវកាលទី១០ នឹងចាប់ផ្តើមការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ តទៅ ដែលការប្រកួតត្រូវបានបែងចែកជាពីរពូល គឺពូល A មាន ៩ក្រុម និងពូល B មាន៩ក្រុម។ សម្រាប់ឆ្នាំ២០២២នេះ ក្រុមដែលឈ្នះពាន KW Cambodia League 2022 នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១ម៉ឺនដុល្លារ រួមជាមួយនឹងមេដាយមាស និងពានរង្វាន់។
ពានរង្វាន់ខាងលើនេះ ជាពានរង្វាន់ឯកជនចាស់វស្សាជាងគេ និងធំជាងគេ។ ក្រុមដែលចូលលេងក្នុងពាននេះ គឺកីឡាករចាប់ពីពាក់កណ្តាលអាជីពឡើងទៅ និងលក្ខខណ្ឌបើកចំហរ ទោះក្រុមលេងនៅ Cambodia League 2 ឬកីឡាករបរទេសក៏អាចចូលរួមបាន លើកលែងតែក្រុមលេងនៅលីគកំពូលកម្ពុជា។
សូមបញ្ជាក់ថា ពានរង្វាន់ KW Cambodia League បង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដោយប្រើពាក្យថា Khmer Real Estate League ដែលពេលនោះមានត្រឹម ១២ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នៅតែប្រើឈ្មោះថា Khmer Real Estate League ដែលជាក្រុមហ៊ុនរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដដែល។ រីឯចាប់ពីឆ្នាំ២០១៩មក លីគមួយនេះ ត្រូវបានប្តូរឈ្មោះមក KW Cambodia League រហូតមកដល់បច្ចុប្បន្ន លើកលែងឆ្នាំ២០២១ ដែលពុំបានរៀបចំការប្រកួត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕