ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យបញ្ចប់គោរម្យងារជា «ឧកញ៉ា» ដល់នាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៣៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការបញ្ចប់គោរម្យងារ «ឧកញ៉ា» ដល់មន្ត្រីនគរបាលជាន់ខ្ពស់ ៣៦រូប ក្នុងថ្ងៃខែឆ្នាំតែមួយខាងលើនេះ ក៏មានឈ្មោះឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដួង ងៀប ដែលត្រូវជាឪពុករបស់លោក ដួង ឆាយ ផងដែរ។ ក្រោយអស់ងារជាឧកញ៉ា លោក ដួង ងៀប បន្តមានរឿងអាស្រូវមួយចំនួនទៀត ហើយនៅដើមឆ្នាំ២០២២នេះ លោកត្រូវបានតុលាការរាជធានីភ្នំពេញ ឃាត់ខ្លួន និងកាត់ទោសពីបទ «ផិតក្បត់» ហើយត្រូវបានកាត់ទោសពីបទ «ឆបោកជនជាតិតៃវ៉ាន់» ថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដែលមាន ទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថា តើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន៕
