លោក ប៉ិច ពិសី៖ “បុគ្គលដែលមានស្រី ឬប្រពន្ធច្រើន មិនគួរទទួលបានងារឧកញ៉ា”

ជុំវិញ​ឧកញ៉ា

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា សម្រាប់បុគ្គលដែលមានសីលធម៌​នៅ​ក្នុង​សង្គម​មិន​ល្អ​ដូចជា បុគ្គល​ដែល​មាន​ស្រី ឬប្រពន្ធ​ច្រើន រាជរដ្ឋាភិបាល​មិនគួរជូនគោរម្យងារ​ដ៏សំខាន់​ជា «ឧកញ៉ា» នោះទេ ព្រោះថាអ្នកដែល​ផ្តល់ និងប្រគេនគោរម្យងារនេះ គឺជាអង្គព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា​រូប​នេះ​ យល់ថា ការដែលបុគ្គលមួយរូប ទទួលបានគោរមងារជា​ឧកញ៉ា​នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ គួរតែគិត​វិនិច្ឆ័យអំពីលក្ខណៈសម្បត្តិ និង​គុណតម្លៃរបស់បុគ្គលនោះ ជាជាងគិតតែអំពីបញ្ហាហិរញ្ញវត្ថុ ហើយ​​គួរណាស់តែគិត​អំពីសីលធម៌​នៃការរស់​នៅប្រចាំថ្ងៃ​របស់ឧកញ៉ាទៀតកាន់តែល្អ។

លោក ប៉ិច ពិសី បានថ្លែងប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​​ខែ​កុម្ភៈ ឆ្នាំ​២០២២​ ថា៖ “យើង​គួរ​រៀបចំ​លក្ខណៈវិនិច្ឆ័យ​ឱ្យ​ច្បាស់ ទី១ ប្រវត្តិ​ការ​រួម​ចំណែក​របស់​គាត់​នៅ​ក្នុង​សង្គម ទី២ សីលធម៌​នៃ​ការ​រស់​នៅ​របស់​គាត់។ ឧទាហរណ៍ថា បើសិន​ជា​គាត់​មាន​ប្រឡាក់ប្រឡូស​រឿង​ស្រី​លើស​ពី​ច្បាប់​យើង មានស្រី ឬ​ប្រពន្ធ​ច្រើន យើង​មិន​អាច​ជូន​ងារ​ឧកញ៉ា​បាន​នោះ​ទេ ហើយ​បើ​គាត់​បំពាន​ប្រយោជន៍​សាធារណៈ ដូចជា​ការ​បំពាន​ដី​ធ្លី​អ្នក​ផ្សេង​ដោយ​​ខុស​ច្បាប់ នេះ​ក៏​ជា​បញ្ហា​សីលធម៌​មួយ​ដែរ ដែល​យើង​មិន​គួរ​ជូន​គោរម្យ​ងារ​ដ៏​សំខាន់​នេះ​ជូន​ទៅ​បុគ្គល​នោះ​បាន​ទេ”។

គួរបញ្ជាក់ថា កាលពី​ទី០៣ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរម្យងារឧកញ៉ា» តាមប្រព័ន្ធវិដេអូ Zoom ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ​លិខិត​បទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរម្យងារឧកញ៉ា និងការដកហូតគោរម្យងារឧកញ៉ា​ ខណៈ​ដែលសេចក្តីព្រាង​ព្រះរាជក្រឹត្យ​​​នេះ ​​គ្រោង​នឹង​បញ្ចប់​​នៅ​ឆ្នាំ​២០២២​នេះ៕