អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group រំពឹងថា Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុបនៅលើវិថីនៃសិល្បៈភាពយន្ត រួមទាំងចម្រៀងសម័យទំនើប និងបុរាណ។

ស្ថាបនិកបុរី ឡេង ណាវ៉ាត្រា រូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអង្គារម្សិលមិញថា៖ “គោលដៅខ្ញុំ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប នៅលើវិថីនៃសិល្បៈភាពយន្ត រួមទាំងចំរៀងសម័យទំនើប និងបុរាណ”។

“ខ្ញុំបានបញ្ជូនបុគ្គលិកផ្នែកសោននិងវីដេអូអោយរៀននៅអង់គ្លេស អាមេរិក ដើម្បីរៀបចំសោនម៉ាស្ទ័រតាមស្តង់ដារពិភពលោកនៅកម្ពុជា។ ហើយបើកសាលាបណ្ដុះបណ្ដាលនៅភ្នំពេញនិងនៅបាត់ដំបង។ ជ្រើសរើសអ្នកមានសមត្ថភាព និង ឆន្ទៈដោយឱ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ រៀនសូត្របន្ថែម ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជំរុញ វប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែលប្រទេសយើងកំពុងតែអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសមិទ្ធផលទាំងអស់នោះនឹងក្លាយជា សមទ្ធិផលរបស់យើងទាំងអស់គ្នា។ សម្រាប់បងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការណ៍ឬ ផ្លាស់ប្ដូរយោបល់គ្នាបាន”។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់បន្ថែមថា ឆាប់ៗនេះក្រុមហ៊ុននឹងរៀបចំកន្លែងការិយាល័យ សោនម៉ាស្ទ័រ ស្តង់ដាពិភពលោក ដែលរៀបចំដោយជនជាតិសាំងហ្គាពួរ និងសូមអរគុណដល់ក្រុមហ៊ុន Morgan ដែលជាដៃគូដ៏ល្អ៕