ឧកញ៉ាបណ្ឌិត ជា រតនា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ជាអ្នកជំនួញដ៏ឆ្នើមមួយរូបនៅកម្ពុជា ហើយលោកត្រូវបានគេស្គាល់ថា ជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៤ ពីរទីតាំងនៅរាជធានីភ្នំពេញ។ ក្រៅពីសណ្ឋាគារ លោកឧកញ៉ា ក៏មានមុខជំនួញធំៗ៣ផ្សេងទៀត ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកមានចំនួនសរុប ៥ ក្រុមហ៊ុន។

១. សណ្ឋគារ SUN & MOON, Urban Hotel


សណ្ឋគារ SUN & MOON, Urban Hotel ជាសណ្ឋាគារគម្រោងទី១ របស់លោក ដែលមានទីតាំងនៅដីឡូត៍លេខ៦៨ ផ្លូវ១៣៦កែងផ្លូវ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ SUN & MOON, Urban Hotel បានក្លាយជាសណ្ឋារគារដ៏ល្បី និងពេញនិយមមួយនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសគឺ SkyBar ដែលសណ្ឋារគារនេះទទួលបានចំណាត់ថ្នាក់ Excellent នៅក្នុង Trip Advisor។
២. សណ្ឋាគារ SUN & MOON, Riverside Hotel

សណ្ឋាគារ SUN & MOON, Riverside Hotel ឬហៅថា SUN & MOON, The Light ជាគម្រោងសណ្ឋាគារថ្នាក់ផ្កាយ៤ថ្មីមួយទៀត ដែលមានទុនវិនិយោគជាង៣៥លានដុល្លារនឹងបង្ហាញខ្លួននៅទឹកដីក្រុងភ្នំពេញឆាប់ៗនេះ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។


សណ្ឋាគារទី២នេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់។ SUN & MOON, The Light មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។ ដំបូងឡើយ សណ្ឋាគារ SUN & MOON, Riverside Hotel គ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ទើបពន្យាពេលមកដល់បច្ចុប្បន្ន និងគ្រោងសម្ពោធឆាប់ៗខាងមុខនេះ។
៣. ក្រុមហ៊ុនខុនដូឯកជនដ៏ប្រណីត The Peninsula Private Residences


ក្រុមហ៊ុនលំនៅឋាន (ខុនដូ) ឯកជនដ៏ប្រណីត The Peninsula Private Residences អភិវឌ្ឍន៍ដោយក្រុមហ៊ុន CC Peninsula Co., Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនម៉ាឡេស៊ី National 6A Investment Co., Ltd, ក្រុមហ៊ុនចិន Saturn Investment Co., Ltd. និង SUN & MOON Group របស់ឧកញ៉ា ជា រតនា។
៤. ក្រុមហ៊ុនផ្នែកបោកអ៊ុត SUN & MOON LAUNDRY SERVICES

SUN & MOON LAUNDRY SERVICES ជាក្រុមហ៊ុនពាណិជ្ជកម្មបម្រើសេវាកម្មផ្នែករោងចក្របោកអ៊ុតខ្នាតធំនៅកម្ពុជា។ ក្រុមហ៊ុន សាន់ & មូន ឡនឌ្រី បង្កើតឡើងនៅឆ្នាំ២០១៩ សាងសង់លើផ្ទៃដីទំហំ ៤៩០០ម៉ែត្រក្រឡា ស្ថិតនៅក្នងដីឡូតិ៍លេខ១៥១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាន់ & មូន ឡនឌ្រី បើកបម្រើសេវាកម្មបោកអ៊ុតជូនអតិថិជនជាតិ និងអន្តរជាតិរបស់ខ្លួនដែលរោងចក្របោកអ៊ុតដ៏ទំនើបមួយនេះដំណើរការដោយម៉ាស៊ីនបោកអ៊ុតស្វ័យប្រវត្ថិ នាំចូលពីបរទេសដែលមានសមត្ថភាពបោកអ៊ុតក្នុងបរិមាណពី ៥តោន រហូតដល់ ១០តោន ក្នុងមួយថ្ងៃ។
៥. គម្រោងផ្ទះល្វែង

គម្រោងអភិវឌ្ឍន៍លំនៅឋាន (ផ្ទះល្វែង) ក្នុងប្រទេសកម្ពុជា បាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងដោយសារតែតម្រូវការនៅតាមទីប្រជុំជន និងទីក្រុងធំៗនៅទូទាំងប្រទេស។ ប្រតិកម្មទៅនឹងនិន្នាការនេះ ក្រុមហ៊ុនរបស់ឧកញ៉ា ជា រតនា បានចូលរួមក្នុងការអភិវឌ្ឍន៍ផ្ទះឯកជនទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត តាំងពីឆ្នាំ ២០១៥ ។


គួរបញ្ជាក់ថា ក្រៅប្រកបមុខជំនួញធំៗលោកឧកញ៉ា ជា រតនា និងភរិយា ឧកញ៉ា លី ហៀក រតនា តែងតែចូលរួមជួយការងារសង្គមជាញឹកញាប់ ដូចជា ជួយបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងទៅដល់មណ្ឌលសុខភាពដាច់ស្រយ៉ាលតាមខេត្តនានា និងជួយកសាងព្រះវិហារនៅតាមទីវត្តអារ៉ាមជាដើម។ ឧកញ៉ាបណ្ឌិត ឧកញ៉ា ជា រតនា ក៏មានតួនាទីមួយទៀត ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
