លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលត្រូវជាភរិយារបស់ឧកញ៉ា ហេង ឡុង បានលើកឡើងថា ខ្លួនមិនដែលហ៊ានស្រម៉ៃគិតថាចង់បានរថយន្តទំនើប Rolls Royce Cullinan តម្លៃជាង ១លានដុល្លារនោះទេ តែក៏សូមអរគុណដល់ម្ចាស់កាដូ និងអរគុណដល់ស្វាមីជាទីស្រឡាញ់ ដែលផ្តល់កម្មសិទ្ធគ្រប់យ៉ាង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Rolls Royce Motor Cars Phnom Penh បានធ្វើពិធីប្រគល់ជូនរថយន្ត Rolls Royce Cullinan ដែលជារថយន្ត SUV ទំនើប ដោយផ្នែកខាងក្រៅនៃរថយន្តមានពណ៌ខ្មៅ Black Diamond និងផ្នែកខាងក្នុងពណ៌លឿង Forge Yellow ទៅដល់លោកជំទាវ ចន ច័ន្ទលក្ខិណា។

យ៉ាងណាមិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកស្រីយ៉ាងដូច្នេះថា៖ “មិនដែលហ៊ានស្រម៉ៃគិតថាចង់បានសោះ អរគុណប្អូនប្រុសចំពោះកាដូដ៏លើសលប់ អរគុណ Honey ដែលផ្តល់កម្មសិទ្ធគ្រប់យ៉ាង”។

គួរបញ្ជាក់ថា រថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលលោកឧកញ៉ាបញ្ជាទិញ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ គឺមានតម្លៃប្រមាណជាង ១លាន២សែនដុល្លារអាមេរិក។ ទោះបីជាស្លាកលេខរថយន្តឈ្មោះឧកញ៉ា ហេង ឡុង ប៉ុន្តែម្ចាស់កម្មសិទ្ធិពិតប្រាកដក៏ជារបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ផងដែរ៕

