ឧកញ៉ា កែវ មុំ៖ «បើឈប់បានគួតែឈប់ទៅ ព្រោះច្បាប់កាន់តែតឹងណាស់ហើយ»

ជុំវិញ​ឧកញ៉ា

ក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយទំព័រជូនលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី ដើម្បីជួយជំរុញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតរបស់ឧត្តមសេនីយ៍ឯក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានស្នើសុំឱ្យមានជំនួបសំណេះសំណាលនិងពិភាក្សាការងារដើម្បីស្វែងរកកិច្ចសហការរវាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយនិងសមាគមសហគ្រិនស្ត្រីកម្ពុជា លើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ក្នុងលិខិតដដែលបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានមើលឃើញនូវបញ្ហាជាច្រើនដែលរងផលប៉ះពាល់ដោយសារការលក់ និង ការប្រើប្រាស់ផលិតផលក្លែងក្លាយដូច្នេះហើយ ទើបក្រសួងពាណិជ្ជកម្មបង្កើតអោយមានច្បាប់ការពារអ្នកប្រើប្រាស់ និង ក្រសួងមហាផ្ទៃបង្កើតឱ្យមានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះឡើង។

ជាការឆ្លើយតបរបស់ក្រសួងមហាផ្ទៃលោកជំទាវឧកញ៉ា កែវ មុំ បានដាស់តឿនដល់អ្នកធុរកិច្ចទាំងឡាយណាដែលបានលួចផលិតនូវផលិតផល ក្លែងក្លាយ ឬ ការនាំចូលផលិតផលក្លែងក្លាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ បើឈប់បាន គួតែឈប់ទៅ ព្រោះច្បាប់កាន់តែតឹងណាស់ហើយ។

បើតាមលោកជំទាវប្រធានក្រុមហ៊ុនផលិតនំស្រួយលីលី មានតែការលក់របស់ពិត ខិតខំសាងម៉ាកសញ្ញាខ្លួនឯងទេ ទើបអាជីវកម្មរបស់យើងមាននិរន្តរភាព និងរីកចំរើនយូរអង្វែងតដល់កូនចៅបាន៕