ធនាគារ SBI របស់អ្នកឧកញ៉ា លី ហួរ ចុះ MOU ជាមួយក្រុមហ៊ុនអចលនទ្រព្យចំនួនពីរ

ជុំវិញ​ឧកញ៉ា

កាលពី​ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ធនាគារ អេស ប៊ី អាយ លីហួរ (SBI LH) ដែលតំណាងដោយ អ្នកឧកញ៉ា លីហួរ ប្រធានក្រុមប្រឹក្សាពិបាល ​​បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រម​ព្រៀងជាដៃគូក្នុងការផ្តល់ឥណទាន​គេហដ្ឋាន​ពិសេស​ ជាមួយក្រុមហ៊ុន​ចំនួន​ពីរ​គឺ ​​ក្រុមហ៊ុន ប៊ីអេស លែន & ហូម និង ក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម តំណាងដោយឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សា​ពិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសហការនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ទាំងអតិថិជនថ្មី និងអតិថិជនចាស់ ឲ្យទទួល​បាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេសនិងងាយស្រួល ដោយមិនតម្រូវឲ្យមានទ្រព្យធានា និង​មិនមានសេវាអនុម័តឥណទាន ទទួលបានអត្រាការប្រាក់ចាប់ពី ០,៧០% ទទួលបានទំហំឥណទាន​រហូត​ដល់ ៩៥ ភាគរយនៃតំលៃផ្ទះ និងរយៈពេលបង់រហូតដល់២០ឆ្នាំ ជាមួយនឹងការអនុម័តឥណទានឆាប់​រហ័ស។

អ្នកឧកញ៉ា លី ហួរ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មូលហេតុដែលធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា សម្រេចចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ី អេស លែន & ហូម និងក្រុមហ៊ុន អ៊ីស្ត លែន & ហូម គឺដើម្បីជួយជំរុញ និងស្តារវិស័យអចលនទ្រព្យ និងសំណង់លំនៅដ្ឋាននៅកម្ពុជា ដែលបាន និងកំពុង​រងផលប៉ះពាល់ដោយសារ វិបត្តិកូវីដ-១៩ និងការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រម​ទាំង​ចង់​ជួយសម្រួលបន្ទុករបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរីក្នុងការគ្រប់គ្រងអតិថិជនបង់ប្រាក់ប្រចាំខែ។

ឧកញ៉ា លី សេងឃាង ក៏​បានគូសបញ្ជាក់​ផង​ដែរ​ថា ហេតុដែលក្រុមហ៊ុនរបស់លោកឧកញ៉ា​សម្រេច​ចាប់ដៃ​ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ដោយសារធនាគារនេះមានលក្ខណៈផ្តល់កម្ចីងាយស្រួល និងមាន​តម្លៃខ្ពស់ និងមានរយៈពេលវែង។ ជាពិសេស អេស ប៊ី អាយ លី ហួរ ជាធនាគារដែលមានប្រតិបត្តិការរឹងមាំ ដែលមានកំណើនទ្រព្យសកម្មជារៀងរាល់ឆ្នាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅធនាគារនេះមានកំណើនទ្រព្យសកម្ម ១៥០% និងកំណើនប្រាក់បញ្ញើ ២៧០%។

សូមបញ្ជាក់ថា កញ្ចប់ឥណទានគេហដ្ឋានពិសេសនេះ ជាសមិទ្ធិផលថ្មី នៃការចូលរួមសហការពីធនាគារ ដែលផ្តល់នៅអត្ថ​ប្រយោជន៍​ទៅដល់អតិថិជនស្ថិតក្នុងគម្រោងទាំង៤ រួមមាន៖ ១)បុរីចតុមុខស៊ីធី១, ២)បុរីចតុមុខស៊ីធី២, ៣)បុរីអ៊ីស្ដ លែន អេន ហូម និង ៤)អុីស្ដ កៀនស្វាយ ស៊ីធី៕