ប្រិយមិត្តប្រហែលជាបានដឹងហើយថា រថយន្ត Rezvani Tank ដែលត្រូវបានគេហៅថា”ឡានរថក្រោះ” ឧកញ៉ា ស្រី ចាន់ថន ទើបតែទិញដឹកមកដល់ស្រុកខ្មែរដំបូងគេ កាលប៉ុន្មានថ្ងៃមុននេះ រថយន្តប្រភេទនេះ មានអាវការពារគ្រាប់ សុវត្ថិភាពស្មើឡានប្រធានាធិបតីជិះអីចឹង។
រថយន្ត Rezvani Tank ដែលត្រូវបានគេហៅថា “ឡានរថក្រោះ” ចែកចេញជា ៣ប្រភេទ គឺ Tank ធម្មតា, Tank X និង Tank X Military Edition ដែលអាចការពារគ្រាប់បាន។

រថយន្តអាចការពារគ្រាប់ Tank X Military Edition មានលក្ខណៈពិសេសជាច្រើន ដែលផ្តល់សុវត្ថិភាពដល់អ្នកជិះ សឹងស្មើរថយន្តរបស់ប្រធានាធិបតី។ ជាក់ស្តែង វាប្រើកញ្ចក់ការពារគ្រាប់ក្រាស់ខ្លាំង រហូតធ្វើឲ្យទ្វារមួយចំហៀងមានទម្ងន់ដល់ ៥០គីឡូក្រាម។ លើសពីនេះទៅទៀត តួខ្លួនទាំងមូលរបស់វាអាចការពារគ្រាប់កម្រិត៧ (Ballistic Protection Level 7) ស្មើនឹងរថយន្តរបស់ប្រធានាធិបតីអាមេរិកជិះ។

ក្រៅពីមានតួខ្លួនអាចការពារគ្រាប់ វាក៏មានមុខងារពិសេសមួយចំនួនទៀតដូចជា ដៃទ្វារឆក់, បាញ់ផ្សែង, បាញ់ភ្លើង, ម៉ាសការពារហ្គាស, មានផ្នែកខាងក្នុងប្រណីតខ្លាំង, អាចការពារពីការវាយប្រហារអេឡិចត្រូម៉ាញេទិក (EMP) ហើយថែមទាំងមានកាមេរ៉ាវាស់កម្តៅ និងកាមេរ៉ាមើលពេលយប់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Tank X Military Edition នេះ ប្រើម៉ាស៊ីនចំណុះ ៦,២លីត្រ ប្រភេទ Supercharged មានចំនួន ៨ស៊ីឡាំង ជាម៉ាស៊ីនរបស់ Dodge Challenger SRT Demon មានកម្លាំងដល់ ១ ០០០សេះឯណោះ ខណៈតម្លៃរបស់វាអាចឡើងដល់ ៣៥០ ០០០ដុល្លារ៕





