កាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ធនាគារ វឌ្ឍនៈ បានរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាខាក្រុងតាខ្មៅ (សាខាទី ៣៣) របស់ខ្លួន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងឧកញ៉ាៗជាច្រើនរូបទៀត។

ក្នុងពិធីដ៏ឱឡារិកខាងលើ គេឃើញមានវត្តមានរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ព្រមទាំងវត្តមានរបស់អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការធនាគារ វឌ្ឍនៈ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកមិនប្រតិបត្តិធនាគារ វឌ្ឍនៈ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។

ធនាគារ វឌ្ឍនៈ សាខាសាខាក្រុងតាខ្មៅ ដែលជាសាខាថ្មីទី ៣៣ មានទីតាំងស្ថិតនៅអគារលេខ ២៦ ផ្លូវជាតិ លេខ ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនឹងចាប់ផ្តើមផ្តល់សេវាកម្មធនាគារជូនអតិថិជនចាប់ពីថ្ងៃសម្ពោធនេះតទៅ។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ៣៣ សាខា ដែលនៅរាជធានីភ្នំពេញមាន ១៣ សាខា និងនៅតាមបណ្តាខេត្តមាន ២០សាខា ដូចជា សៀមរាប បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម ត្បូងឃ្មុំ (ក្រុងសួង) កំពង់ធំ បៃលិន ក្រុងប៉ោយប៉ែត កំពង់ឆ្នាំង ក្រចេះ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កំពត ស្ទឹងត្រែង និងខេត្តកណ្តាល (ក្រុងតាខ្មៅ)។

បើទោះជាស្ថិតក្នុងភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ធនាគារ វឌ្ឍនៈ នៅតែបន្តខិតខំវិនិយោគលើផែនការពង្រីកសាខារបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីសម្រេចឱ្យបានផែនការពង្រីកសាខានៅគ្រប់រាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ឆ្នាំ ២០២២ នេះ ធនាគារ វឌ្ឍនៈ គ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការសាខាថ្មីចំនួន ៧ បន្ថែមទៀត (១ នៅក្នុងរាជធានីភ្នំពេញ និង ៦ នៅតាមបណ្តាខេត្ត)៕





