ឧកញ៉ា ស្រ៊ាត មុំសុភា៖ ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រ៊ាត មុំសុភាគឺជា​សហគ្រិន​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ស្រ្តីច្រើនរូប ដែលបាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​កំណត់​សក្តានុពល​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​ជំនួញ ​តាមរយៈ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពី​ក្មេង ឧកញ៉ា ស្រ៊ាត មុំសុភា មិន​ធ្លាប់​គិត​ថា​ចង់​ក្លាយ​ជា​សហគ្រិន​ ឬ​អ្នក​ធ្វើ​ជំនួញ​ទេ បើ​ទោះ​បីជា​អ្នកស្រី​រស់នៅ​ក្នុង​គ្រួសារ​ដែល​ជា​អ្នក​ធ្វើ​ជំនួញ​ក៏​ដោយ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ អ្នកស្រីបាន​ក្លាយ​ខ្លួន​ជា​សហគ្រិន​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​នៅ​កម្ពុជា។  អ្នកស្រីចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ សុហ្វីយ៉ា នៅ​ឆ្នាំ​២០០៥។

មុនក្លាយខ្លួនជាថៅកែក្រុមហ៊ុនទេសចរណ៍ អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ន័រតុន​នៅ​ឆ្នាំ​ ២០០៣ ហើយអ្នកស្រីបាន​ចូល​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅភ្នំពេញ។

អ្នកស្រីជាអគ្គនាយិកា​ក្រុមហ៊ុន​ Sophiya Corporation ដែល​ក្នុង​នោះ​រួមមាន SOPHIYA Travel & Tours SOPHIYA Home & Services Management, TLC Professional Nail Spa និង U &ME Spa ហើយ​ក៏​ជា​សមាជិក​នៃ​សមាគម​សហគ្រិន​វ័យក្មេង​​កម្ពុជា​ផង​ដែរ​។

ក្នុងឆ្នាំ២០១៦ អ្នកស្រី ទទួលបានពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​ស្ត្រី ប្រចាំឆ្នាំ២០១៦ ពី​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ផងដែរ។

ឧកញ៉ា ស្រ៊ាត មុំសុភា បានថ្លែងថា៖ «ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​តាំង​ពី​ដើម​ទុន​តិចតួច រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ថា​ខុស​គ្នា​ឆ្ងាយ ហើយ​ដែល​អ្វី​ដែល​យើង​បាន​លះបង់ បាន​ចេញ​ជា​ផ្លែផ្កា។ ហើយ​វា​មិនមែន​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ទេ ដែល​ខ្ញុំ​រក​ស៊ី​បាន​ចំណូល មាន​ស្ថិរភាព។ វា​ក៏​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក ជួយ​ប្រជាជន​មាន​ការងារ​ធ្វើ ទាំង​ក្នុង​ក្រុមហ៊ុន និង​ពលរដ្ឋ​ទូទៅ ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ រួម​ទាំង​អ្នក​រត់​ម៉ូតូ​ឌុប ភោគជនីយដ្ឋាន ជា​ដើម»

ដើម្បី​ជំរុញ​ទឹក​ចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត ​ឈាន​ជា​សហគ្រិន​ស្ត្រី​ឆ្នើម ឧក​ញ៉ា ស្រ៊ាត មុំ​សុ​ភា ផ្ដល់​អនុសាសន៍​ថា ​​​ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ ។ ស្រ្តី​​គួរ​តែ​​​អភិវឌ្ឍន៍​ខ្លួន​ពី​​ក្នុង​ប្រទេស​មក​ក្នុង​តំបន់​និង​​ទៅ​​ថ្នាក់​អន្តរជាតិ ​តាម​រយៈ​ការ​ចូល​រួម​ប្រកួត​ផ្សេង​ៗ​។ អ្នក​ស្រី​បញ្ជាក់​ថា សូម​កុំ​ទុក​ខ្លួន​ឯង​​ឲ្យ​​ម្នាក់​ឯង តែ​​​ត្រូវ​នៅ​ក្នុង​បណ្ដាញ​ ​​ដើម្បី​អភិវឌ្ឍន៍​ប្រមូល​បាន​សំ​លេង​តែ​មួយ ​ព្រម​ទាំង​ធ្វើ​ដំណើរ​ទៅ​រួម​គ្នា៕