លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន Eew9 ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

មុនក្លាយខ្លួនមានគោរមងារជា “ឧកញ៉ា” លោក យឹម តាស្រង់ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ ក៏ធ្លាប់មានជីវិតកម្សត់កម្រផងដែរ។ ក្នុងបទសម្ភាសន៍មួយនិយាយពីក្តីស្រឡាញ់ទៅកាន់ឪពុក ជាមួយផលិតកម្ម Town កាលពី៤ឆ្នាំមុន លោកឧកញ៉ា បានឱ្យដឹងថា លោកធ្លាប់ឈប់រៀនម្តង កាលថ្នាក់ទី៨ ហើយធ្លាប់ចិញ្ចឹមជ្រូក និងបិតស្រាស លក់ ប៉ុន្តែពេលនោះហើយ ធ្វើឱ្យលោកយល់ថា ជីវិតមិនចេះអក្សរគឺលំបាកណាស់។ ក្រោយមក លោកក៏សម្រេចចិត្តបន្តសិក្សាវិញ។
លុះដល់ថ្នាក់ទី១១ លោកក៏សម្រេចចិត្តផ្សងព្រេងមកកាន់ទីក្រុងភ្នំពេញម្នាក់ឯង ទោះបីឪពុករបស់លោក ព្យាយាមឃាត់យ៉ាងណាក៏ដោយ។ លោកឧកញ៉ា បានបញ្ជាក់ក្នុងវីដេអូយ៉ាងដូច្នេះថា៖ “ខ្ញុំចាំបានថា កំឡុងពេលនោះ ខ្ញុំរៀនថ្នាក់ទី១១ តែខ្ញុំមកភ្នំពេញ។ ពេលនោះឪពុកខ្ញុំឃាត់ខ្ញុំ គាត់ថាទៅធ្វើអី អត់មានលុយទេ គ្មានបងប្អូនសាច់ញាតិអីទេ ហើយមកភ្នំពេញម្នាក់ឯង អាជីពអ្នកនិពន្ធហ្នឹងម៉េច ប៉ុន្តែខ្ញុំនៅតែជម្នះខ្លួនខ្ញុំ ខ្ញុំគិតថាខ្ញុំធ្វើបាន ខ្ញុំត្រូវតែមក ទាំងដែលមកភ្នំពេញគ្មានគោលដៅអ្វីទេ។ គាត់ដាច់ខាតស្អែកមិនឱ្យខ្ញុំមក តែខ្ញុំលួចទាក់ទងឡានតូរីសគេឱ្យមកយកពេលព្រឹក”។

លោក យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ទើបទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា បន្ទាប់ពីសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយរួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំកន្លងទៅ។ បន្ទាប់មកទៀត លោកក៏ទើបប្រកាសលក់ដីគម្រោងដំបូងរបស់លោក ចំនួនបីទៅបួនកន្លែងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖