លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) គឺជាអ្នកទិញយករូបថតដ៏អស្ចារ្យមួយរបស់លោក ឡាម៉ូ ដែលបានឈ្នះពានជារូបភាពល្អបំផុតនៅប្រទេសអង់គ្លេស កាលឆ្នាំ២០១៨ ក្នុងតម្លៃថ្លៃបំផុត ៣៥០០ ដុល្លារសហរដ្ឋអាមេរិក។

រូបថតរបស់លោកឡាម៉ូចំនួនមួយ បានឈ្នះពានក្នុងការប្រកួតប្រជែងរូបថតនៅប្រទេសអង់គ្លេស នៅឆ្នាំ២០១៨ ដែលគេទទួលស្គាល់ថាជារូបតំណាងឱ្យកម្ពុជា និងជារូបថតជាប់លេខ១ ប្រចាំប្រទេសកម្ពុជា។ រូបភាពនេះជាប្រភេទ Abstract ដូចជាសត្វស្លាបមួយកំពុងហើរ ហើយរូបនេះមានចំណងជើងថា “Freedom” ដែលមានន័យថា “សេរីភាព” និងចង់ប្រៀបធៀបទៅនឹងសេរីភាពប្រកបមុខរបររបស់ប្រជាជនសាមញ្ញ ប៉ុន្តែផលិតឡើងជាលក្ខណៈសិល្បៈមួយ។ រូបព្រលិតជាមួយក្មេងនេះ ថតនៅស្រុកកំពង់ត្រាច នៃខេត្តកំពត។

ក្រោយមករូបថតដ៏មានអត្ថន័យអស្ចារ្យ ទំហំ ១០០សង់ទីម៉ែត្រ x ១៥០សង់ទីម៉ែត្រនេះ ត្រូវបានលោក ជំទាវឧកញ៉ា នឹម វណ្ណៈ ទិញយកសម្រាប់តាំងក្នុងការិយាល័យរបស់លោកជំទាវ។ លោកជំទាវ ប្រាប់ថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ ឱ្យដឹងថា៖ “លោកឡាម៉ូ ជាអ្នកថតរូបដ៏ល្បីម្នាក់ ដែលបានប្រឡងជាប់រូបភាពមួយហ្នឹងនៅប្រទេសអង់គ្លេស។ ខ្ញុំបានទិញរូបថតនេះទុក ព្រោះជាស្នាដៃរបស់គាត់។ ខ្ញុំពិតជាមានកិត្តិយស ដែលបានទិញរូបរបស់គាត់មួយ ក្នុងចំណោមរូបមានកំណត់ ព្រោះរូបនេះគឺគ្មានលក់នៅតាមទីផ្សារនោះទេ បានន័យថា គាត់លក់សម្រាប់តែអ្នកបញ្ជារទិញជាពិសេស ក្នុងតម្លៃមួយ ៣០០០ ដុល្លារ ឬ ៤០០០ ដុល្លារ”។

គួររំឭកថា លោក លី មិន ឬហៅក្រៅថា “ឡាម៉ូ” កើតនៅឆ្នាំ១៩៧៧ ខេត្តសៀមរាប ជាសិល្បករ និងអ្នកថតរូបដ៏ល្បីម្នាក់។ ក្នុងដំណើរបេសកកម្មជាង ១០ឆ្នាំ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់លោក បានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលកំពុងតែដាក់តាំងពិពរណ៍នេះ គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។ ចំពោះរូបភាពដែលលោកឡាម៉ូ លក់គឺមានខ្នាតផ្សេងៗគ្នា និងមាន Limited Edition ខុសគ្នា ហើយ១ផ្ទាំង មានតម្លៃចាប់ពី ២០០ដុល្លារ រហូតដល់ ៣,៦០០ដុល្លារ៕


