អ្នកស្រី ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ បានសរសើរវាសនារបស់លោក យឹម តាស្រង់ ដែលបានក្លាយជា “ឧកញ៉ា”។ លោកស្រី បានបង្ហើបប្រវត្តិដ៏កម្រត់កម្រ ពេលដែលឧកញ៉ា យឹម តាស្រង់ ទៅធ្វើការឱ្យផលិតកម្មលោកស្រីដំបូង ជិះត្រឹមកង់កញ្ចាស់ បន្ទាប់មកលោកស្រីក៏លក់ម៉ូតូឆាលីឱ្យ ដោយបង់រំលស់សងបន្តិចម្តងៗ។

ថៅកែម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ បានបញ្ចេញចំណាប់អារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញ លោក យឹម តាស្រង់ ទទួលបានគោរមងារជា “ឧកញ៉ា” ថា៖ “សរសើរវាសនាគេហើយ កាលមកនៅធ្វើការអោយខ្ញុំជិះកង់កញ្ចាស់ ខ្ញុំលក់ម៉ូតូឆាលីមួយអោយ ជិះមកធ្វើការអោយខ្ញុំបង់សងតិចៗម្តង បុណ្យគេខ្ពស់ អាចក្លាយជាឧកញ្ញ៉ា សូមជូនពរអោយរឹតតែមានសំណាងទៀត…។ សូមត្រេកអរផង ដែលអ្នកក្លាយជាឧកញ៉ា”។

ផលិតកម្មរស្មីស្ទឹងសង្កែ ត្រូវបានបង្កើតឡើងដោយអ្នកស្រី ស៊ួរ វ៉ាន់នី និងបានដំណើរការចាប់ពីឆ្នាំ២០០០។ រយៈពេលជាង១០ឆ្នាំ ដល់ឆ្នាំ២០១១ ផលិតកម្មមួយនេះ បានប្រកាសបិទទ្វារវិញ ខណៈដែលថៅកែស្រីរូបនេះ បញ្ជាក់ប្រាប់ថាខាតប្រាក់ខ្ទង់ ៥០ ម៉ឺនដុល្លារ។

គួររំឭកថា ខ្សែជីវិតរបស់លោក យឹម តាស្រង់ ទម្រាំបានក្លាយជា “ឧកញ៉ា” លោកបានឆ្លងកាត់បទពិសោធន៍ជីវិតកម្សត់កម្រជាច្រើន ដោយលោកធ្លាប់ចិញ្ចឹមជ្រូក និងបិតស្រាសលក់ នៅស្រុកកំណើត ខេត្តក្រចេះ។ លុះដល់ថ្នាក់ទី១១ លោកក៏លួចចាកចេញមកផ្សងព្រេងនៅរាជធានីភ្នំពេញ តែខ្លួនមួយ ទាំងដែលឪពុកព្យាយាមឃាត់ឃាំងមិនឱ្យមក ព្រោះគ្មានប្រាក់ និងគ្មានសាច់ញាត់។
មកដល់រាជធានីភ្នំពេញ លោកព្យាយាមស្វែងរកការងារខាងផ្នែកអ្នកនិពន្ធបន្តិចម្តងៗ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីតាំងពីពេលនៅផលិតកម្ម Town Production និងក្លាយជាអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra រយៈពេលជាង ៣ឆ្នាំ មុនពេលលោកសម្រេចចាកចេញទៅប្រកបមុខជំនួញផ្ទាល់ខ្លួន។

បច្ចុប្បន្ន លោក យឹម តាស្រង់ ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ហើយលោកក៏ទើបប្រកាសមុខជំនួញថ្មី លក់ដីគម្រោងដំបូងរបស់លោក ចំនួនបីទៅបួនកន្លែងផងដែរ ដូចជានៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងនៅផ្លូវជាតិលេខ 6 A រាជធានីភ្នំពេញ ជាដើម។ លោក យឹម តាស្រង់ ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕