ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងលោក កង សុវណ្ណថា ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ហៅកាត់ CREA បានដឹកនាំសមាជិក សមាជិកា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះ។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់ឧកញ៉ាញូស៍ថា ក្នុងជំនួបថ្ងៃនេះសមាគមបានស្វែងករការគាំទ្រពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្នុងការសហការផ្សព្វផ្សាយអំពីអាជ្ញាបណ្ណអ្នកជំនាញអចលនវត្ថុ អាជ្ញាបណ្ណអ្នកអភិវឌ្ឍន៍អចលនវត្ថុ និងអាជ្ញាបណ្ណអាជីវកម្មដីឡូតិ៍ជាដើម។
ទន្ទឹមនឹងនោះ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក៏បានស្នើឲ្យមានការរៀបចំការបណ្តុះបណ្តាល និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិ ឲ្យកាន់តែយល់ច្បាស់ដើម្បីកាត់បន្ថយហានិភ័យក្នុងការវិនិយោគ។

លោកឧកញ៉ាថ្លែងថា៖ «មួយរយៈចុងក្រោយនេះ ខ្ញុំសង្កេតឃើញថាមានបញ្ហាកើតឡើងពីការទិញលក់អលចនទ្រព្យមិនមានកម្មសិទ្ធិច្បាស់លាស់ បោកបន្លំ ការឆបោកជាដើមក្នុងវិស័យអចលនវត្ថុ។ បញ្ហានេះបានកើតឡើងនៅពេលមានបញ្ហាវិបត្តិសេដ្ឋកិច្ចបណ្តាមកពីកូវីដ១៩ ដូច្នេះក្នុងនាមសមាគមយើងបានសំណូមពរឲ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើការផ្សព្វផ្សាយចំណេះដឹងឲ្យបានទូលំទូលាយទៅមហាជន»។
នៅក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានស្វាគមន៍ និងបន្តសហការគ្នា ជំរុញឲ្យវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តភាព។ ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានផ្តល់អនុសាសន៍ឲ្យដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ខិតខំធ្វើការសិក្សាស្រាវជ្រាវពង្រឹងសមត្ថភាពទាំងក្រុមហ៊ុន ក៏ដូចជាភ្នាក់ងារអចលនវត្ថុ និងអ្នកអភិវឌ្ឍនអចលនវត្ថុផ្សេងទៀតដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា។

បើតាមឧកញ៉ា ឃាង ពុទ្ធី ៥ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍខ្លាំងក្លាទាំងហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ ខុនដូរ សំណង់ផ្ទះល្វែង បុរី ដីឡូតិ៍ ផ្សារទំនើប និងអគារពាណិជ្ជកម្មបានរីកដុះដាល ក្នុងន័យនេះ ដើម្បីឲ្យវិស័យអចលនទ្រព្យ និងសំណង់មានការអភិវឌ្ឍបន្តឥតឈប់ឈរ កម្ពុជាត្រូវការធនធានមនុស្សជាសំខាន់ ដូចជា ភ្នាក់ងារទិញលក់ ជួល វាយតម្លៃ ព្រោះជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍ។
លោកឧកញ៉ាបញ្ជាក់បន្ថែមថា នៅពេលដែលយើងមានធនធានមនុស្សខ្លាំងៗក្នុងវិស័យអចលនទ្រព្យ វាបង្ករភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុន ដូច្នេះវិស័យអចលនទ្រព្យ និងសំណង់នឹងមានការរីកចម្រើនទៅមុខ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា វិស័យអចលនវត្ថុនៅកម្ពុជា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២នេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២៕

