ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ដែលមានលោកជំទាវឧកញ៉ា លឹម ឈីវហូ ជាស្ថាបនិក គឺជាក្រុមហ៊ុននាំមុខគេបាននាំចូល និងចែកចាយ ផ្តាច់មុខនូវផលិតផលម៉ាកប្រណីតៗរបស់ពិភពលោកអស់រយៈកាលជិត ៣០ឆ្នាំមកហើយ ដែលរួមមាន៖ ស្រា Johnnie Walker ស្រា Hennessy ស្រាសំប៉ាញ Moet & Chandon ស្រាទំពាំងបាយជូ Terrazas, ស្រា Chandon Sparkling ជាពិសេសស្រាបៀរ Budweiser, ស្រាបៀរ Corona និងស្រាបៀរ Coronita។

ដើម្បីពង្រឹងសមត្ថភាពបន្ថែម ក្នុងការទទួលខុសត្រូវលើផលិតផលរបស់ខ្លួន ថ្មីៗនេះក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បាននាំមកនូវបច្ចេកវិទ្យាថ្មីមួយប្រភេទទៀត ដើម្បីឲ្យទាន់ការវិវឌ្ឍលើពិភពលោក និងងាយស្រួល ប្រកបដោយទំនុកចិត្តបន្ថែមទៀតជូនអតិថិជន ដែលនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន គឺការសម្ពោធដាក់ឲ្យប្រើប្រាស់នូវតែមមួយប្រភេទថ្មី ដែលបិតលើគម្របដបផលិតផល នោះគឺ តែម ABS ដែលប្រើបច្ចេកវិទ្យា Blockchain ចុងក្រោយបង្អស់ សំរាប់ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការពិនិត្យផលិតផលដោយផ្ទាល់នៅកន្លែងជាវតែម្ដង តាមរយៈ App មួយប្រភេទ ដែលមានម៉ាកល្បីៗជាច្រើន បានប្រើប្រាស់នៅលើពិភពលោកដែរ នោះគឺ App “VeChain Pro” ។

ពិធីនេះធ្វើឡើងនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូប ក្រោមអធិបតីភាពលោក តាន់ សែឆាយ អគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកបានលើកឡើងពីវឌ្ឍនភាព និងការយកចិត្តទុកដាក់ក្នុងការចែកចាយផលិតផលគ្រប់ប្រភេទ ដែលមានការទទួលខុសត្រូវខ្ពស់ និងការវិវឌ្ឍន៍តាមសម័យកាល ពិសេសនោះគឺសម័យកាលបច្ចេកវិទ្យានេះតែម្តង។ ជាឧទាហរណ៍ដូចជាពេលនេះ ក្រុមហ៊ុនបានចំណាយថវិកាជាច្រើន ដើម្បីនាំជូនដល់ សម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាឲ្យកាន់តែងាយស្រួលក្នុងការពិនិត្យរាល់ផលិតផលរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា និងកន្លែងជាវផ្ទាល់តែម្តង។

ក្នុងពិធីនោះផងដែរ លោក តាន់ សែឆាយ បានពន្យល់បន្ថែមពីអត្ថប្រយោជន៍នៃតែមសុវត្ថិភាពប្រភេទថ្មី ABS នេះ ដោយគ្រាន់តែទាញយក App “VeChain Pro” ពី App Store ឬ Google Play ចូលទៅក្នុងទូរស័ព្ទដៃរបស់ លោកអ្នកនោះជាការស្រេច។

គួររំឭកផងដែរថា កន្លងមកក្រុមហ៊ុន អ៊ែតវូត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើតតែមសុវត្ថិភាពជាច្រើនប្រភេទបិតលើគម្រប់ដបជាការសម្គាល់ ផលិតផលក្រុមហ៊ុន ហើយជាក់ស្តែងនៅពេលនេះក្រុមហ៊ុន អ៊ែតវូត បានដាក់ឲ្យប្រើប្រាស់នូវតែមសុវត្ថិភាពប្រភេទថ្មីនេះ ដោយប្រើបច្ចេកវិទ្យាខ្ពស់ហៅថា តែមសុវត្ថិភាព ABS (Attwood Blockchain Sticker) ដែលមានភាពងាយស្រួលដល់អតិថិជនធ្វើការត្រួតពិនិត្យដោយផ្ទាល់ តាមរយៈ App “VeChain Pro”។

ខាងក្រោមនេះជារបៀបទាញយក App “VeChain Pro” តាមទូរស័ព្ទវៃឆ្លាត ៖
⦁ ទាញយក ឬ Download ពី App Store ឬ Google Play
⦁ ចុចពាក្យ Try NFC
⦁ ស្កេនលើឡូហ្កោ Attwood
⦁ លោកអ្នកនឹងឃើញពាក្យ ATTWOOD CERTIFIED ៕