ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មដ៏ល្អសម្រាប់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តម្រោងវិនិយោគរបស់សិង្ហបុរី នៅកម្ពុជាមានចំនួន ១២៧គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥៣០លានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ នេះ។

អ្នកជំនួញរូបនេះ បានលើកឡើងថា៖ “ប្រទេសសិង្ហបុរី ជាដៃគូពាណិជ្ជកម្មដ៏ល្អសម្រាប់កម្ពុជាយើងជាយូរឆ្នាំមកហើយ។ យើងឃើញថាកំណើនវិនិយោគពីសិង្ហបុរីតែងមានការកើនឡើងស្ទើរតែរាល់ឆ្នាំ ហើយយើងក៏ជាដៃគូសហគមន៍សេដ្ឋកិច្ចអាស៊ានជាមួយគ្នាផងដែរ ដែលយើងចូលពីឆ្នាំ២០១៥មកនេះ។ ការពង្រីកទំហំពាណិជ្ជកម្មក្នុងទំហំសេដ្ឋកិច្ចអាស៊ាន គឺជាគោលដៅរបស់បណ្តាប្រទេសអាស៊ានក្នុងតំបន់។ ដូច្នេះខ្ញុំគិតថា នេះជាឱកាសល្អបំផុតសម្រាប់ក្រុមហ៊ុនសិង្ហបុរី ក៏ដូចជាក្រុមហ៊ុនជប៉ុនក៏ច្រើនដែរ។ ការវិនិយោគពីរប្រទេសនេះ បញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង មានសន្តិភាព ស្ថេរភាព និងសុវត្ថិភាព សម្រាប់អ្នកវិនិយោគ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសច្បាប់វិនិយោគថ្មីរបស់យើង ដែលមានការលើកទឹកចិត្តជាបន្តបន្ទាប់ច្រើនផង”។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានអនុម័តម្រោងវិនិយោគរបស់សិង្ហបុរី នៅកម្ពុជាមានចំនួន១២៧គម្រោង ក្នុងទំហំទឹកប្រាក់ ១៥៣០លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CDC នៅថ្ងៃទី២៦ ខែកក្កដា កន្លងមក។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បានថ្លែងឱ្យដឹង កាលពីថ្ងៃទី២៦ ខែកក្កដា ផងដែរថា៖ “បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ សេវាកម្ម និងកម្មន្តសាល”។ លោកបន្តថា “ការវិនិយោគសិង្ហបុរីនៅកម្ពុជា ពិតជាមានសារៈសំខាន់ សូមអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស”៕