នាព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា និងឧកញ៉ាចំនួន ១០០រូប នឹងចូលរួមក្នុងកម្មពិធីសម្ពោធការិយាល័យលក់ និង Showroom បុរី វិមានសំណាង ជាផ្លូវការ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង រហស្សនាម «ឧកញ៉ាសង្ហាស្មោះស្នេហ៍» បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះថា៖ “ជួបគ្នានៅថ្ងៃអាទិត្យទី៣១ កក្កដា ២០២២ ពីម៉ោង 8:30-11:30 ក្នុងកម្មវិធីសម្ភោធការិយាល័យលក់ និង Showroom របស់បុរី វិមានសំណាង។ មានអ្នកឧកញ៉ា និងឧកញ៉ា ប្រមាណ ១០០នាក់ អញ្ជើញមកពីសមាគមឧកញ៉ាកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត មិត្តភក្តិ និងអតិថិជន សរុប ២៧០នាក់ នឹងចូលរួម។ សូមអរគុណគ្រប់យ៉ាងចំពោះការរាប់អាន និងគាំទ្រខ្ញុំបាទ និងភរិយា ហើយក៏សូមទោសដោយមិនអាចអញ្ជើញបានគ្រប់គ្នាសម្រាប់កម្មវិធីមួយនេះ”។
កម្មវិធីសម្ពោធការិយាល័យលក់បុរី លំដាប់អភិជនរបស់គូស្វាមីមានគោរមងារជាឧកញ៉ា ទាំងពីររូបខាងលើនេះ ធ្វើឡើងនៅលើមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពោលគឺនៅជាប់ខាងមុខគម្រោងបុរី វិមានសំណាង ផ្ទាល់តែម្ដង។
គួរបញ្ជាក់ថា គម្រោង បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ ហិកតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រមូលផ្ដុំទៅដោយផ្ទះវីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម៕