ថ្ងៃនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចែករំលែកនូវទុនគំនិតមួយថ្ងៃទៀត ដែលឆ្លុះបញ្ចាំងពី ពាក្យថា “តម្លៃ” និង “ទីកន្លែង”។ អ្នកឧកញ៉ា រៀបរាប់យ៉ាងដូច្នេះថា៖ យើងសូមនិយាយអំពីទំនាក់ទំនងដ៏សំខាន់រវាង “តម្លៃ” និង “ទីកន្លែង”។ រឿងសំខាន់ដែលអ្នករៀបនឹងអាននេះនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់ថែមទៀតពីទិដ្ឋភាពខុសគ្នាមួយ។
មានរឿងចាស់មួយដែលអ្នកប្រហែលជាធ្លាប់បានអានច្រើនដង ប៉ុន្តែ ខ្ញុំគិតថារឿងនេះមានគតិបណ្ឌិតល្អណាស់ដែលធ្វើឲ្យខ្ញុំសូមចែករំលែកគំនិតរបស់ខ្ញុំលើអត្ថបទនេះ។
បុរសម្នាក់បានយកដបទឹកពីធ្នើរក្នុងហាងទំនិញមួយ មកបង្ហាញកូនស្រីរបស់គាត់។ គាត់បានប្រាប់កូនរបស់គាត់ថា៖ “កូនស្រី ដបទឹកនេះនៅហាងនេះមានតម្លៃ ៤០០០រៀល។ ដបទឹកដូចគ្នានេះនៅភោជនីយដ្ឋានមួយមានតម្លៃ ៨០០០រៀល ហើយនៅក្នុងពិធីផ្សេងៗ ដបទឹកដដែលនេះអាចមានតម្លៃរហូតដល់ ១ម៉ឺនរៀល។ ដបគឺដូចគ្នា ហើយម៉ាកដូចគ្នា ដូច្នេះ ចូរកូនចាំថា រឿងតែមួយគត់ដែលផ្លាស់ប្តូរនោះគឺ “ទីកន្លែង” “។ កន្លែងនីមួយៗផ្តល់តម្លៃខុសៗគ្នាចំពោះវត្ថុដូចគ្នា។
ឧទាហរណ៍នេះបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងតម្លៃដែលយើងផ្តល់ឲ្យវត្ថុ ឬរបស់ផ្សេងៗដោយផ្អែកលើទីកន្លែងដែលវត្ថុ ឬរបស់ទាំងនោះស្ថិតនៅ។ គ្រប់ៗគ្នាមិនមែនមើលឃើញតម្លៃនៃវត្ថុ ឬរបស់ផ្សេងៗដូចគ្នានោះទេ។ ដូចកំណាព្យបុរាណមួយពោលថា “សំណល់របស់មនុស្សម្នាក់គឺជាសម្បត្តិរបស់មនុស្សម្នាក់ទៀត”។ សូមស្វែងរកតម្លៃផ្ទាល់ខ្លួនរបស់អ្នកនៅទីកន្លែងដែលអ្នកត្រូវបានផ្តល់តម្លៃឲ្យ ហើយចងចាំថា មនុស្សគ្រប់គ្នាតែងតែមានទីកន្លែងណាមួយដែលផ្តល់តម្លៃឲ្យគ្រប់គ្រាន់។
សូមមានភាពរីករាយ ការដឹងគុណ ការផ្តល់តម្លៃ និងផ្តល់ការគោរពដល់អ្នកដទៃ និងខ្លួនឯង៕