អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាលើកឡើងថា ក្រុងតាខ្មៅ នឹងក្លាយជាក្រុងដែលមានការពេញនិយមផ្នែកអភិវឌ្ឍន៍គម្រោង ខុនដូខ្លាំងជាងគេក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នលំនៅឋាន បុរី និងសំណង់ផ្ទះល្វែងជាច្រើនកំពុងរីកដុះដាលនៅក្នុងក្រុងតាខ្មៅ។
លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកឡើងថា ក្រុងតាខ្មៅកំពុងទទួលបានគម្រោង វិនិយោគធំៗជាច្រើន ហើយវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅក៏មានរីកចម្រើនគួរឲ្យកត់សម្កាល់ផងដែរ ខណៈក្រុងនេះកំពុងទទួលបានការចាប់ពីអារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកខ្លាំង។
លោកបានបន្តថា៖« មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុងនិងក្រៅ ស្រុក ក៏ព្រោះតែក្រុងតាខ្មៅ ស្ថិតនៅក្បែរគម្រោងផ្សារទំនើបអ៊ីអ៊នទី៣ ពិសេសគម្រោងបុរីលំនៅឋានល្បីៗជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះ។
ទន្ទឹមគ្នានឹងភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅ តំបន់នេះត្រូវបានជ្រើសរើសជាតំបន់ដែលត្រូវសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីផងដែរ»។
ដោយមើលឃើញពីសក្តានុពលនៃក្រុងតាខ្មៅ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ បានវាយតម្លៃថា ក្រុងតាខ្មៅ នឹងក្លាយជាតំបន់ដែលមានការវិនិយោគវិស័យខុនដូច្រើនជាងគេក្នុងរយៈពេល៣ឆ្នាំខាងមុខ។
លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅទីក្រុងកើនដល់ជាង១០ម៉ឺននាក់ ហេតុនេះវិស័យខុនដូក្នុងក្រុងតាខ្មៅ គឺជាទីតាំងល្អសម្រាប់ការរស់នៅរបស់ពលរដ្ឋ ព្រោះជាតំបន់ក្បែររាជធានីភ្នំពេញស្រាប់។
ជាងនេះទៀត លោកអះអាងថា ទន្ទឹមនឹងការបន្តរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា វិស័យខុនដូនៅក្រុងតាខ្មៅ ក៏ចាប់ផ្តើមមានតម្រូវច្រើនពីពេលនេះតទៅថ្ងៃខាងមុខ នោះក៏ព្រោះតែអ្នកមានលទ្ធភាពមធ្យមអាចទិញខុនដូស្នាក់នៅខណៈផ្ទះជាប់ដីឡើងថ្លៃរាប់លានដុល្លារនៅកណ្តាលទីក្រុង៕
អត្ថបទ៖ សិរីកា