នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានជួបប្រជុំលក្ខណៈគ្រួសារ ដោយលោកបានធ្វើលិខិតស្របច្បាប់ក្នុងការបែងចែកទ្រព្យសម្បត្តិឱ្យទៅកូនប្រុសស្រី និងកូនប្រសាររបស់លោក ឱ្យរួចរាល់ឱ្យហើយ ខណៈដែលសុខភាពរបស់លោកមិនសូវល្អប្រសើរ និងត្រូវធ្វើការវះកាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

ម្ចាស់ក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជារូបនេះ បានបង្ហោះសាររៀបរាប់លើហ្វេសប៊ុក នារសៀលថ្ងៃសៅរ៍នេះថា៖ “នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា និងកូនៗ ព្រមទាំងមានមេធាវីចូលរួមដឹងឮផងដែរ”។

អ្នកឧកញ៉ា បានបន្តថា បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនលោកផ្ទាល់ បានសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុន និងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ ដោយបន្សល់ទុកអោយកូនៗដែលជាទាយាទ ដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែ ដោយសារតែទ្រព្យសម្បត្តិដែលជាកេរ្តិ៍មរតករបស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វេីប្រទានកម្មឱ្យបានច្បាស់លាស់ជាមុន។

ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់លោកនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វើការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយ ទើបតម្រូវឱ្យរូបលោកកោះហៅប្រពន្ធនិងកូនៗមកប្រជុំ ដើម្បីធ្វើប្រទានកម្មនេះអោយហើយ បើសិនណាជាមានគ្រោះចង្រៃអ្វីមួយកើតឡើងដោយចៃដន្យនោះ ថ្ងៃនេះលោកត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយផ្លូវសម្រាប់អោយពួកគាត់ដើរឱ្យហើយ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់លោក និងប្រពន្ធដែលមាន។

បើតាមគំនិតយោបល់ផ្ទាល់ខ្លួន អ្នកឧកញ៉ាយល់ថា បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វើប្រទានកម្ម ឬមតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ជៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ ទៅថ្ងៃក្រោយពេលដែលយើងទទួលមរណភាព ដោយចៃដន្យពេលណាមួយ ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមថា បុគ្គលដែលអាចហានលះបង់ ធ្វើប្រទានកម្ម ឬមរតសាស៍នេះបាន ទាល់តែបុគ្គលទាំងឡាយនោះយកព្រះធម៌ ៣ប្រការមកគោរពប្រតិបត្តិតាមនោះគឺ ១ នាមរូបំអនិច្ចំ មានរូបមិនទៀង ២នាមរូបំទុក្ខំ មានរូបមានទុក្ខ ៣ នាមរូបំអនត្តា មានរូបមិនមែនជារបស់យើងទេ ។ ខ្លួនយើងនិងទ្រព្យសម្បត្តិ ពិតជាមិនមែនជារបស់យើងទេ នៅពេលដៃយើងមិនទាន់ជាប់ស៊ីរ៉ូម ត្រូវខិតខំធ្វើបុណ្យដាក់ទានអោយបានច្រើន នៅសល់ប៉ុន្មានធ្វើប្រទានកម្មអោយកូនៗអោយហើយទៅ៕

