កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន មាន៣៩ប្រទេសចូលរួម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ គឺសណ្ឋាគារសុខាភ្នំពេញ របស់អ្នកឧកញ៉ា សុខ គង់។

ទីតាំងសម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំយ៉ាងស្រស់បំព្រង តាមរចនាប័ទ្មផ្កាតំណាងប្រទេសសមាជិកអាស៊ានទាំងដប់។ សណ្ឋាគារសុខាភ្នំពេញ បុកគ្រឹះដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៨ និងចំណាយថវិកាអស់ប្រមាណ ១២០លានដុល្លារ ដោយមិនគិតតម្លៃដី។ សណ្ឋាគារនេះ មានកម្ពស់ ១៨ ជាន់ មានទីតាំងនៅទល់មុខព្រះបរមរាជវាំង ស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខ។ សណ្ឋាគារនេះចំណាយពេលសាងសង់ជាង ៦ឆ្នាំ និងបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៥ ក្រោយអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការសាងសង់ត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំ៥ហិកតា និងមានកម្ពស់សរុប ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារសុខា មានបន្ទប់ស្នាក់នៅសរុប ៧៤៤ បន្ទប់ ត្រូវបានចែកចេញជាពីរផ្នែកគឺបន្ទប់សណ្ឋាគារ ៥៤៩ បន្ទប់ និងខុនដូ ១៩៥ បន្ទប់។ សណ្ឋាគារមានសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្ស៣០០០ នាក់ និងមានកន្លែងចតយានយន្ត ៣ ជាន់ ដែលអាចផ្តល់ជាចំណតរថយន្តប្រមាណ ១ ០០០ គ្រឿង ម៉ូតូ ១ ០០០ គ្រឿងនិងចំណតឧទ្ធម្ភាគចក្រ ២ កន្លែងនៅលើដំបូលអគារ។

កាលពីដើមឆ្នាំ២០២២នេះ អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីល្បីឈ្មោះដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បានប្រកាសលក់សណ្ឋាគារសុខាភ្នំពេញក្នុងតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក ដើម្បីបង្វែរទុនទៅវិនិយោគនៅតំបន់ភ្នំបូកគោ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានក្រុមហ៊ុនណាចរចាត្រូវថ្លៃគ្នានៅឡើយទេ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ រួមមានដូចជា៖ ១)កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ២)ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ៣)កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ៤)សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន ៥)កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣ ៦)កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និង ៧)កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩៕


