លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារ គាំទ្រសកម្មភាពការងាររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២២។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជា បានថ្លែងថា៖ ការគាំទ្ររបស់លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប គឺចំពេលដែល ស.ស.ស.ក កំពុងអភិវឌ្ឍខ្លួនឲ្យក្លាយជា មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកសារព័ត៌មាន, ក៏ដូចជាកំពុងរៀបចំយុទ្ធនាការ «ព័ត៌មានស្អាត», ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានអំពី «ព័ត៌មាននៅក្នុងយុគសម័យ Digital», និងកំពុងធ្វើកិច្ចការដ៏សំខាន់មួយទៀត គឺចងក្រងរបាយការណ៍ទិន្នន័យវាយតម្លៃដោយឆ្លុះបញ្ចាំងអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក ហ៊ុយ វណ្ណៈ ជួសមុខឲ្យសមាជិក-សមាជិកា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា លាង ឃុន ដែលតែងតែជួយគាំទ្របេសកកម្មការងាររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងបុព្វហេតុរួមចំណែកពង្រឹងគុណភាពព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ ប្រធាន ស.ស.ស.ក ក៏បានចាត់ទុកថា ការគាំទ្ររបស់លោកអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប គឺមិនត្រឹមតែបង្ហាញពីកាយវិការសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ គឺមានអត្ថន័យបញ្ជាក់ពីធនធានកម្ពុជា ដែលមានសមត្ថភាពនិងលទ្ធភាព ទាំងស្មារតីនិងទឹកចិត្តក្នុងការចូលរួមជួយកសាងស្ថាប័នអង្គការស្ម័គ្រចិត្តក្នុងស្រុក ឲ្យមានតួនាទីកាន់តែសកម្មរួមចំណែកក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ។
លោក ហ៊ុយ វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា កសាងស្ថាប័ន ស.ស.ស.ក មួយឲ្យដំណើរការមានភាពលេចធ្លោរហូតមកដល់ពេលនេះនិងតទៅមុខ គឺមិនអាចកាត់ផ្តាច់បានពីកត្តាដឹកនាំ និងការចូលរួមគាំទ្រពីតួអង្គជាច្រើន ទាំងថ្នាក់ដឹកនាំរដ្ឋ វិស័យឯកជន ម្ចាស់ជំនួយដទៃទៀត និងសារព័ត៌មានខ្លួនឯងផងដែរ ដែលត្រូវបន្តខិតខំប្រមូលផ្តុំអភិវឌ្ឍន៍ធនធានមនុស្ស កសាងកម្មវិធីការងារជាប្រចាំ ព្រមទាំងមានមូលដ្ឋានហិរញ្ញវត្ថុនិងសម្ភារៈគាំទ្រ។ ក្នុងដំណាក់កាលណាក៏ដោយទាំងក្នុងពេលវិបត្តិកលយុគ និងពេលមានសន្តិភាព អ្វីដែលជាតម្រូវការមុនគេបំផុត សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវគឺ «ព័ត៌មានពិត»។ ការរួមគ្នាក្នុងបុព្វហេតុកសាងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែល្អឡើង គឺមានភាពចាំបាច់សម្រាប់អនាគតដ៏ប្រសើររបស់កម្ពុជា៕
ប្រភព៖ swiftnewsdaily.com