សមាគមឧកញ៉ាកម្ពុជា ចេញញត្តិគាំទ្រទាំងស្រុង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ជុំវិញ​ឧកញ៉ា

នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចេញញត្តិប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសារ​ញត្តិគាំទ្រនេះ សមាគមឧកញ៉ាកម្ពុជាយល់​ឃើញថា ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​លើក​ទី​១០ ​គឺ​ធ្វើ​ឡើង​យ៉ាង​ត្រឹម​ត្រូវ ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជាពិសេស​ធានា​បាន​នូវ​ការ​គោរព​គោលការណ៍​គ្រឹះ​នៃ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ការ​ធ្វើ​វិសោធនកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស​គឺ​បំពេញ​ចន្លោះ​​ខ្វះ​ខាត​នៃ​រដ្ឋធម្មនុញ្ញ និង​ការ​ធានា​ឱ្យ​ស្ថាប័ន​របស់​រដ្ឋ​មាន​កិច្ច​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​ជាប់គាំង និង​ធានា​បាន​នូវ​និរន្តរភាព នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់។

ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់​គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម​អាស្រ័យរដ្ឋ​ធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្ននោះទេ។

គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្រោម​សំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕