កាលពីថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានចូលរួមអបអរសាទរដល់ឯកឧត្តម ឃ្លាំង ហួត ដែលបានទទួលតួនាទីថ្មី ឡើងជាអភិបាលរងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើជាអភិបាលខណ្ឌ អស់រយៈពេល ២៣ឆ្នាំ។

ឧកញ៉ា ហ៊ួត ជា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃអង្គារនេះថា៖ “ម្សិលមិញមានភារៈកិច្ចទៅយឺត ស្តាយអត់បានទៅទាន់អ្នកម៉ែ តែបានចូលរួមអបអរបងឯកឧត្តម ឃ្លាំង ហួត ក្នុងតួនាទីថ្មី ជាអភិបាលរងក្រុងភ្នំពេញ ក្រោយពីធ្វើជាអភិបាលខណ្ឌ ២៣ ឆ្នាំ និងបានស្តាប់នូវយោបល់ល្អៗ ជាង ២ ម៉ោង ពីបងប្រុស”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ រួមទាំងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ហ៊ុន សុរិទ្ធី ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតាំងជាអភិបាលរងរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាល៕
