នៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ឯកឧត្តម អ៉ិន មាត្រា តំណាងឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារទៅប្រធានបទសំខាន់ៗចំនួនពីរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាសមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាង ៥០ ក្រុមហ៊ុន និងមន្ដ្រីបច្ចេកទេស សហការី របស់និយ័តករអចលនវត្ថុ និងបញ្ចាំ(ន.អ.ប) ផងដែរ។

អង្គប្រជុំផ្តោតសំខាន់លើប្រធានបទមានខ្លឹមសារដូចជា៖
-ពិភាក្សាអំពីវឌ្ឍនភាពស្ថានភាពវិស័យអចលនវត្ថុនៅកម្ពុជាឆមាសទី១ ឆ្នាំ២០២២
-ពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប ជាធុរជនខែ្មរមួយរូបដែលមានសមត្ថភាព មានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយអ្នកឧកញ៉ាបានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យយ៉ាងជោគជ័យ អស់រយៈពេលជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម៕
