ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអចលនទ្រព្យសកល ដែលឧកញ៉ា សំ សុខនឿន ជាប្រធាន បានចេញញត្តិ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ប្រកាសគាំទ្រពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាបានអនុម័ត កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្ននោះទេ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕