ភ្នំបូកគោ មានចំងាយពីក្រុង កំពត ៤២គីឡូម៉ែត្រ រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោ គឺជាទីកន្លែងសម្រាប់លំហែកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំ ដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា។ បច្ចុប្បន្នភ្នំបូកគោ ត្រូវបានក្រុមហ៊ុន សុខា អូតែល របស់អ្នកឧកញ៉ា សុខ គង់ ទទួលបានសិទ្ធិអភិវឌ្ឍន៍ លើផ្ទៃដីជិត ២៤០០ ហិកតា។
ក្រុមហ៊ុន សុខា អូតែល ទទួលបានសិទ្ធិជួលរយៈពេលវែង ៩៩ឆ្នាំ ក្នុងទំហំដីសរុប ២៣៨៨ ហិកតា ដោយគិតចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១០ ប៉ុន្តែពេលនោះពុំទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់សិទ្ធិ (ប្លង់រឹង) នៅឡើយទេ។ លុះដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១២ ទើបក្រុមហ៊ុន ទទួលបានប្លឹងរឹង តាមរយៈវិញ្ញាបនបត្រសម្គាល់សិទ្ធិជួលរយៈពេលវែង លេខ កព០០០៣ ដោយមានទំហំដី ១៥៦៣០០០០ម៉ែត្រក្រឡា (១៥៦៣ ហិកតា) ស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយមក ក្រុមហ៊ុន សុខា អូតែល ក៏ទទួលបានវិញ្ញាបនបត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍ (ប្លង់រឹង) មួយទៀត លេខ កព ០០២០៥ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានទំហំដី ៨២៥៣៨៧៤ ម៉ែត្រក្រឡា (ជាង ៨២៥ ហិកតា) ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ថ្មីៗនេះ តាមរយៈលិខិតស្នើសុំលេខ ០១៥ សអ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា សុខ គង់ ក៏បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ពង្រីកបន្ថែមទីតាំងដីទំហំ ១១ ១៧៧ ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សុខា អូតែល នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”ផងដែរ។
ភូមិសាស្ត្រឧទ្យានជាតិមុនីវង្ស “បូកគោ” ជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៏មានសក្តានុពល ដែលមានអាកាសធាតុត្រជាក់ល្អ បរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៅកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ន ដូចជា អគារដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីស៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្ត៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គីសនី និងទំនប់ទឹកបារាំង។ល៕