ជាបទពិសោធផ្ទាល់ខ្លួនខ្ញុំ ខ្ញុំគិតថាដើម្បីឱ្យយីហោមួយអាចល្បីល្បាញ និងមានគេទទួលស្គាល់យ៉ាងទូលំទូលាយ គឺត្រូវមានចំណុចធំៗ៣គឺ
១. រូបសញ្ញា
ការបង្កើតរូបសញ្ញា (Logo) គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ក្នុងការបង្ហាញខ្លួនឱ្យគេស្គាល់ និងយល់ពីអាជីវកម្មរបស់យើង។ ពិសេសនោះ ការរចនារូបសញ្ញានេះត្រូវបង្កប់ដោយអត្ថន័យគ្រប់គ្រាន់ មិនសាំញ៉ាំ ហើយទាក់ទាញភ្នែកមនុស្សគ្រប់គ្នាផង ឆាប់ចូលក្នុងអារម្មណ៍មហាជនផង និយាយរួមគឺ ខ្លី ខ្លឹម ទាក់ទាញ។
២. អត្តសញ្ញាណ
អត្តសញ្ញាណនៃអាជីវកម្មមួយ គឺបូកបញ្ចូលពីវប្បធម៌ស្ថាប័ន របៀបទំនាក់ទំនង វិន័យ និងការអនុវត្តទូទៅ ដែលបង្ហាញថាមនុស្សនៅក្នុងស្ថាប័ននេះ មានចំណុចពិសេសរួមគ្នាក្នុងការបង្ហាញពីគុណតម្លៃនៃស្ថាប័ន គ្រាន់តែអ្នកដទៃឃើញស្គាល់មិនបាច់បកស្រាយច្រើន។
៣. ភាពច្បាស់លាស់
ក្នុងអាជីវកម្មមួយ បន្ទាប់ពីរូបសញ្ញា និងអត្តសញ្ញាណ គឺភាពច្បាស់លាស់នេះឯង។ ខ្ញុំចង់មានន័យថា ម្ចាស់អាជីវកម្មត្រូវប្រាកដក្នុងចិត្តខ្លួនឯងក្នុងការរៀបចំស្ថាប័ន ថាត្រូវដើរទៅតាមផ្លូវណា ហើយត្រូវប្រើយុទ្ធសាស្រ្តបែបណាដើម្បីសម្រេចគោលដៅ? ចំណុចនេះ ម្ចាស់អាជីវកម្មត្រូវសិក្សាពីចំណង់ចំណូលចិត្តខ្លួនឯង និងគោលដៅអាជីវកម្មដែលត្រូវទៅដល់នៅពេលខាងមុខ មិនមែនបង្កើតអាជីវកម្មមកហើយ បានពាក់កណ្តាលទីមិនដឹងថាត្រូវទៅណាបន្តទៀតនោះទេ។ កុំធ្វើព្រោះតែដើមឡើយឃើញគេជោគជ័យក៏ធ្វើតាមគេ គ្មានអ្វីច្បាស់លាស់ខ្លួនឯងនោះ។
សូមបញ្ជាក់ថា ការក៏សាងយីហោមួយឱ្យល្បីល្បាញ និងទាក់ទាញ គឺមានចំណុចគួបផ្សំច្រើន ប៉ុន្តែ៣ចំណុចខាងលើនេះ គឺជាចំណុចស្នូល និងសំខាន់ជាងគេ៕
ខ្លឹមសារទាំងស្រុងដោយ៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រភព៖MJQ University Press