លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឱ្យដឹងថា លោកជំទាវបានវះកាត់តសរសៃពួរស្មារបស់ខ្លួន នៅប្រទេសថៃ ដោយជោគជ័យហើយ នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

លោកជំទាវ បានបង្ហោះសារលើហ្វេសប៊ុក នៅរសៀលថ្ងៃសុក្រនេះថា៖ “មិត្តរួមហ្វេសប៊ុកមាននឹកខ្ញុំទេ? បាត់មុខយាយចាស់ ពេលនេះបានចូលពេទ្យ Bumrungrad នៅប្រទេសថៃ បានសម្រេចហេីយ។ ការវះកាត់តសរសៃពួរស្មា ដែលខ្ញុំដួលកង់ កាលពីខែ៦ ថ្ងៃទី២១ បានជោគជ័យហេីយ។ ខ្ញុំសុខសប្បាយទេ នឹករលឹកអ្នកទាំងអស់ជានិច្ច”។

គួរបញ្ជាក់ថា ក្រុមគ្រួសារលោកជំទាវ ហ៊ុន ស៊ីណាត ជានិច្ចជាកាលតែងតែជ្រះថ្លា និងចូលរួមយ៉ាងសកម្មក្នុងការជួយលើកស្ទួយកសាងវិស័យពុទ្ធសាសនា ក្នុងនាមជាពុទ្ធសាសនិកនៅកម្ពុជា។ លោកជំទាវ និងស្វាមី ព្រមទាំងកូនៗផ្ទាល់ តែងតែចូលរួម និងដឹកនាំសប្បុរសជននានា ចូលរួមកសាង និងទំនុកបម្រុងដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ជនពិកា និងចាស់ជរា គ្មានទីពឹងជាដើម។

ទន្ទឹមគ្នានោះ កូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសប្បុរសជនចិត្តធម៌ដ៏សកម្ម ដែលតែងតែចេញមុខ ចូលរួមជាមួយរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គម ជាញឹកញាប់មិនដែលខាន។ សព្វថ្ងៃ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏មានតួនាទីជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ទទួលបន្ទុកមើលថែ និងចិញ្ចឹមបីបាត់កុមារកំព្រា ទុរគត រាប់សិបនាក់ ដែលមានទីតាំងនៅខេត្តសៀមរាបផងដែរ៕

