ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា មិនយល់ស្របនោះទេ ចំពោះទស្សនៈមួយចំនួនដែលយល់ថា ផ្ទះល្វែងនឹងធ្លាក់ចុះតម្លៃ នៅរយៈពេល ១០ឆ្នាំខាងមុខ។

CEO ក្រុមហ៊ុន Khompound PLC រូបនេះ បានមានអនុសាសន៍ថា សម្រាប់ការវិភាគតាមការរំពឹងទុក ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត គឺលោកមិនគិតថាតម្លៃផ្ទះល្វែងនៅប្រទេសកម្ពុជា ក៏ដូចជានៅទីក្រុងភ្នំពេញ មានការធ្លាក់ចុះទេ។ ទោះបីជាបច្ចុប្បន្នធ្លាក់ថ្លៃបន្តិចបន្តួច ឬធ្លាក់ក្នុងកំឡុងពេល១ឆ្នាំ ឬ២ឆ្នាំ ប៉ុន្តែវានឹងឡើងថ្លៃប្រសើរវិញ នៅរយៈពេល៤ឆ្នាំ ឬ៥ឆ្នាំទៀត។ លោកបន្តថា នេះជារឿងធម្មតាទេ នៅក្នុងវិស័យអចលនទ្រព្យគឺតែងមានទំនរឡើងចុះអាច ១០ឆ្នាំម្តង។

លោកឧកញ៉ា បានបន្ថែមថា តម្លៃអចលនទ្រព្យ ជាពិសេសផ្ទះនៅក្នុងប្រទេសកម្ពុជាយើង ឃើញថាតំបន់មួយចំនួន គឺនៅទ្រឹង។ តំបន់មួយចំនួន នៅពេលឡើងថ្លៃដល់ចំណុចមួយហើយ បានធ្លាក់ចុះបន្តិចមកវិញ ប៉ុន្តែសម្រាប់តំបន់ដែលទើបអភិវឌ្ឍន៍ថ្មីៗ ដូចជាតំបន់នៅជិតទំនប់កប់ស្រូវ តំបន់នៅជិតពហុកីឡដ្ឋានជាតិថ្មី ឬតំបន់នៅជិតព្រលានយន្តហោះថ្មី យើងឃើញថាតម្លៃល្អ និងមានការឡើងបន្តិចបន្តួចដែរ ហើយមិនធ្លាក់ចុះនោះទេ។
ចំពោះមូលហេតុដែលធ្វើឱ្យប៉ះពាល់ ឬមានភាពអវិជ្ជមានក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា យល់ថាអាចមកពីវិបត្តិកូវីដ-១៩ បញ្ហាមានវិបត្តិក្រុមហ៊ុនអចលនទ្រព្យធំៗនៅប្រទេសចិន សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងអតិផរណាឡើងខ្ពស់។

ដោយឡែកមួយរយៈពេលចុងក្រោយនេះ លោកឧកញ៉ា សង្កេតឃើញថា មានប្រជាជនមួយចំនួនដែលចង់ទិញផ្ទះ និងវិនិយោគដីធ្លី នៅឈរមើលគិតសិន ព្រោះពួកគាត់នៅបារម្ភខ្លាចមានវិបត្តិនៅថ្ងៃក្រោយ ឬក៏ចាំឱ្យចុះថ្លៃ ដើម្បីទិញបានថោកជាងតម្លៃទីផ្សារ ឬអាចបានចំណេញច្រើន នាពេលខាងមុខ។ សម្រាប់លោកឧកញ៉ា សូមផ្តល់ជាអនុសាសន៍ថា ទិញឬមិនទិញនៅពេលនេះ គឺអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនយើង។ បើសិនយើងមានលទ្ធភាពគ្រប់គ្រាន់ គឺទិញទៅ មិនខុសនោះទេ នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោងពង្រីកទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងតែដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ នៅឆ្នាំ ២០៣៥ ដែលនឹងធ្វើឱ្យមានតម្រូវការផ្ទះល្វែង និងចរន្តការលើវិស័យអចលនទ្រព្យ កាន់តែខ្លាំងក្លាមួយកម្រិតថែមទៀត៕