លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស និងគ្រួសារ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ចំពោះការលុប ស.ជ.ណ (សេចក្តីជូនដំណឹង) តំបន់ភ្នំតាម៉ៅទាំងអស់ និងចូលរួមផ្តល់ថវិកាចំនួន ៩៩៩.៩៩ ដុល្លារ និងដើមឈើចំនួន ៩៩៩ដើម ដើម្បីដាំឡើងវិញ ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២នេះ សម្តចតេជោ ហ៊ុន សែន សម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ដើម្បីរក្សាព្រៃនៅក្បែរភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ សម្តេចតេជោ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរាជរដ្ឋាភិបាល សម្តេចសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយ។

យ៉ាងណាមិញ ក្នុងថ្ងៃនេះដដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសគាំទ្រឱ្យរាជរដ្ឋាភិបាលលុបស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងអំពាវនាវឱ្យពលរដ្ឋ ដែលស្រលាញ់ដើមឈើ ចូលរួមដាំកូនឈើជាមួយ។ អ្នកឧកញ៉ា បានសរសេរលើហ្វេសប៊ុកថា៖ «ខ្ញុំគាំទ្រឱ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។

បន្ថែមពីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសបើកមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទូរគត និងការងារជួយសង្គមផ្សេងៗផងដែរ។ សម្រាប់បងប្អូនដែលចង់ចូលរួម អាចបរិច្ចាគតាមលេខកុង ABA តាមសទ្ធាជ្រះថ្លា 096550406 TOEM Va។ ថវិកាទាំងនោះ រួមទាំងថវិកាផ្ទាល់របស់អ្នកឧកញ៉ា នឹងយកចូលរួមការងារសង្គមទាំងអស់។


សូមបញ្ជាក់ផងដែរថា លោកជំទាវឧកញ៉ា នឹម វណ្ណៈ គឺជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត និងត្រូវជាក្មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕