រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី៩ ខែសីហានេះ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រុមហ៊ុនទូរសព្ទចល័ត សែលកាត ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួលដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។

លោក ហង់ ជួនណារ៉ុន បានស្វាគមន៍ចំពោះភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើង នៃការវិនិយោគពីដៃគូវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ លោកបានលើកឡើងថា៖ «ការពង្រឹងជំនាញឌីជីថលរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនរបស់យើង គឺជាអាទិភាពសំខាន់មួយ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានជំនាញក្នុងសតវត្សរ៍ទី ២១ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា»។
លោកបន្តថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រថ្មី ជាមួយសែលកាតនឹងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅកម្រិតផ្សេងៗនៃប្រព័ន្ធអប់រំ ដើម្បីបង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែលផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កុមារ និងយុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
តាមរយៈកិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា «ដៃគូទូរគមនាគមន៍ផ្លូវការ» សម្រាប់កម្មវិធីចំនួន៣ ក្រោមផ្នែកមួយនៃសកម្មភាពរបស់សែលកាត ទាក់ទងនឹងមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា មូលនិធិស.អ.។
កម្មវិធីទាំងនេះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីដោះស្រាយតម្រូវការសម្រាប់ការអប់រំប្រកបដោយនវានុវត្តន៍ ផ្តោតលើជំនាញ និង រួមបញ្ចូលការអប់រំឌីជីថល ក៏ដូចជាបណ្តុះចំណាប់អារម្មណ៍ ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមស្ត្រី ដែលមានដូចជា កម្មវិធីពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា ដែលហៅកាត់ថា (STEPCam) កម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ហៅកាត់ថា (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ ហៅកាត់ថា (FLP) ជាដើម៕