អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាកំពូលអ្នកជំនួញមួយរូបនៅកម្ពុជា ដែលលោកបានវិនិយោគលើវិស័យជាច្រើនដូចជា វិស័យអប់រំ សណ្ឋាគារ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ភោជនីយដ្ឋាន ធនាគារ ធានារ៉ាប់រង ការសាងសង់ និងក្រុមហ៊ុន ខុនដូផ្ទះល្វែងទំនើបៗ ជាដើម។
ក្រៅពីមានមុខជំនួញខាងលើជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា គិត ម៉េង ក៏ជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ចំនួន ០២កន្លែងផងដែរ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគឺ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)។
១. តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh SEZ) មានផ្ទៃដី ៣៥៧ហិកតា និងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទីតាំងនៅជាប់ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានចម្ងាយត្រឹមតែ ៨គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
២. តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ អភិវឌ្ឍនិងដំណើរការដោយក្រុមហ៊ុន Poi Pet PPSEZ Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Phnom Penh SEZ Plc.។ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត មានទីតាំងនៅខេត្តបន្ទាយមានជ័យ ភាគពាយព្យ នៃប្រទេសកម្ពុជា ជាប់ព្រំដែនកម្ពុជា-ថៃ និងមានចម្ងាយ ៨គីឡូម៉ែត្រ ពីទីក្រុងប៉ោយប៉ែត។ តំបន់នេះ ជាតំបន់យុទ្ធសាស្ត្រដោយភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ផ្ទាល់ និងជាចំណុចពិសេសមួយ ក្នុងផ្លូវចរន្តសេដ្ឋកិច្ចអន្តរជាតិ ហូជីមិញ-ភ្នំពេញ-សៀមរាប-បាងកក។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុត ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នកជំនួញរីកចម្រើន និងជោគជ័យ។
តាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤កន្លែង និងមាន ៥៦១ គម្រោងវិនិយោគ ហើយក្នុងនោះបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ១៦ម៉ឺននាក់៕