បុរសម្នាក់បានបើករថយន្ដលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ដស៊េរីទំនើប ROLLS ROYCE របស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតមួយជំហៀង នៅខណ្ឌ៧មករា ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ចំណុចស្ដុបសេរីភាព ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក ROLLS ROYCE ដែលជារថយន្តរបស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយជំហៀងខាងស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ដទាំងពីរ ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕




