ខួបកំណើត CEO នំស្រួយ លីលី កូនស្រីឧកញ៉ា កែវ មុំ ចែកអំណោយដល់បុគ្គលិកជាង ២០០នាក់

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ លោកជំទាវ​ឧកញ៉ា កែវ មុំ ​​បាន​ធ្វើ​ពិធី​ខួប​កំណើត​​ជូន​ដល់​កូនស្រី​ជា​ទីស្រឡាញ់​​​របស់​លោក​ស្រី ​មាន​ឈ្មោះ​ថា​ “លីលី​” ដែល​បច្ចុប្បន្ន​​ជា​ CEO របស់ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ​​និង​បាន​ចែក​អំណោយ​ជា​ប៉ៅអ៊ី ម្នាក់​មួយ ​ដល់​បុគ្គលិក កម្មករ សរុប​ជាង ២០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា កែវ មុំ ដែលជាសហគ្រិនឈរ​ជើងបានយូរ និងរឹងមាំក្នុង​វិស័យ​ផលិត​នំក្នុង​ស្រុក បាន​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ ​​កាល​​ពី​ម្សិល​មិញ​​យ៉ាង​ដូច្នេះ​ថា៖ “ក្នុង​ឱកាស​ខួប​កំណើត​កូន​ស្រី​របស់​ខ្ញុំ​ឆ្នាំ​នេះ ដែល​ឥឡូវ​គាត់​កាន់​តំណែង​ជា​ CEO ហើយ​ដើម្បី​អបអរសាទរ​ យើង​នឹង​ជូនពរ​គាត់ ហើយ​ក៏​មានការ​ចែក​អំណោយ​ជា​ប៉ៅអ៊ី​ម្នាក់​មួយ ជូន​ដល់​បុគ្គលិក និងកម្មករ​​របស់​យើង​ទាំង​អស់ ​ដែល​សព្វថ្ងៃ​នេះ​ មាន​សរុប​ជាង ២០០នាក់​”។

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹងបន្ថែមថា កញ្ញា លីលី បាន​ឡើង​កាន់​តំណែង​ជា​​អគ្គនាយក​ក្រុមហ៊ុន (CEO) ​​រយៈពេល ២​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំងពី​ខែ​ឧសភា ឆ្នាំ២០២០ មក​ ​​ហើយ​កញ្ញា ជា​កូន​ទី​២ របស់​លោកស្រី ​ខណៈដែល​លោកស្រី​មាន​កូន​៣​​​នាក់ ក្នុង​នោះ​​​​ប្រុស​២​នាក់ និង​ស្រី​១​នាក់។

គួរបញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ដែលមានរោងចក្រ​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​​បាន​ចាប់​ផ្តើម​ដំណើរ​ ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១២។ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មិន​ត្រឹម​ជា​សហគ្រាស​ផលិត​​ ដើម្បី​ផ្គត់​ផ្គង់​​ ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ក្លាយ​ជា​ក្រុមហ៊ុន​ខ្មែរ​ដំបូង​គេ ដែល​​មាន​សមត្ថភាព​ លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​ ជា​ផលិតផល​សម្រេច​ចំណី​អាហារ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េខាងត្បូង ​ផង​ដែរ៕