កោះស្តេច រីសត ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជន (Private) ដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីសត ទើបតែបើកដំណើរការ ថ្មីៗនេះដែរទេ កាលពីចុងឆ្នាំ២០២១។

លក្ខណៈពិសេសរបស់ កោះស្តេច រីសត គឺធ្វើឱ្យភ្ញៀវទេសចរណ៍ មានអារម្មណ៍ស្រស់ស្រាយ និងរូមែនទិក ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃកោះ ឆ្នេរសមុទ្រ កន្លែងគេង ទស្សនាទេសភាពព្រៃភ្នំ លេងហែលទឹក ដើរកម្សាន្តតាមឆ្នេរ ជិះទូក ស្ទូចត្រី គយគន់ថ្ងៃរះ និងគយគន់ថ្ងៃលិច រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀត។

កាន់តែពិសេសនោះ សម្រាប់ភ្ញៀវទេសចរណ៍ដែលនៅរាជធានីភ្នំពេញ អាចធ្វើដំណើរទៅមកដោយមិនចាំបាច់បើករថយន្តដោយខ្លួនឯងក៏បាន អាចទំនាក់ទំនងជិះជាមួយនឹងរថយន្ត VIP របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ទៅមកដល់កន្លែងតែម្តង ខណៈដែលជើងធ្វើដំណើរពី ភ្នំពេញ ទៅ កោះស្តេច មានម៉ោង ៨ព្រឹក និងម៉ោង ២:៣០នាទីរសៀល រីឯពី កោះស្តេច មក ភ្នំពេញ មានម៉ោង ៨ព្រឹក និងម៉ោង ៣រសៀល។

គួរបញ្ជាក់ថា កោះស្តេច រីសត ជាតំបន់រមណីយដ្ឋានលំហែកាយមួយរបស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ។ លោកឧកញ៉ា បានវិនិយោគលើតំបន់ Resort ប្រមាណ ៩ កន្លែងរួចមកហើយ ខណៈដែលលោកគ្រោងនឹងពង្រីកតំបន់ទេសចរណ៍តាមរយៈ Resort បន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើវិស័យទេសចរណ៍នេះ បន្ថែមលើមុខជំនួញរបស់លោក លើវិស័យផ្សេងៗទៀត៕




