កូនប្រសារអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំយុវជនឱ្យធ្វើរឿង៨ចំណុច កុំទាន់ស្តាប់អ្នកជោគជ័យច្រើនពេក

ជុំវិញ​ឧកញ៉ា

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និងជាកូនប្រសារ​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​បាន​​មាន​អនុសាសន៍​ផ្តាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ និង​សិស្សានុសិស្ស​ថា កុំទាន់​អាល​ស្តាប់​អ្នក​ជោគជ័យ​ច្រើន​ពេក ​​ហើយ​លោក​​​សូម​ណែនាំ​ឱ្យ​ធ្វើ​រឿង​សំខាន់ៗ​ចំនួន ៨ ចំណុច ​ក្នុង​នាម​ជា​យុវជន​បន្ត​វេន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា​​រូប​នេះ ​​បាន​លើក​ឡើង​ក្នុងកម្មវិធីតម្រង់ទិស​ជំនាញសិក្សា​និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់​សិស្ស​និស្សិត​ប្រមាណ ៥០០​នាក់ ​​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក​មាន​៨​ចំណុច ​​ដើម្បី​ចែក​រំលែក​ដល់​​​សិស្ស​និស្សិត​ ហើយ​ជា​រឿង​ដែល​យុវជន​ត្រូវ​ធ្វើ ដូច​ខាង​ក្រោម៖

១. ហ៊ានអភិវឌ្ឍខ្លួនលើចំណេះដឹង៖ កុំអាលស្តាប់អ្នកជោគជ័យខ្លាំងពេក នាំឱ្យបែកអារម្មណ៍ ប៉ុន្តែត្រូវផ្តោត​លើ​ការ​សិក្សា​អភិវឌ្ឍ​ខ្លួន​ ឱ្យ​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​សិន។

២. ត្រូវចាប់យកមុខវិជ្ជាណាមួយឱ្យបានច្បាស់លាស់៖ មនុស្សម្នាក់​យ៉ាង​ហោចណាស់ ក៏​មានជំនាញ​មួយ​ច្បាស់ដែរ ដូច្នេះ​បើ​ដឹង​ថា​ខ្លួន​ពូកែ​មុខ​វិជ្ជា​អ្វី គួរ​តែ​ចាប់​​​យក​មុខវិជ្ជា​នោះ​ឱ្យ​បាន​ច្បាស់​លាស់។

៣. ត្រូវដាក់ទិសដៅរបស់ខ្លួន៖ តើ​អនាគត​ខ្លួន​ចង់ក្លាយជាអ្វី? ជាមន្ត្រីរាជការ សហគ្រិនភាព ឬបុគ្គលិក​វិស័យឯកជន? ជាពិសេស​ ត្រូវ​ចេះ​សិក្សា​ស្វែង​យល់​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​សម្រួច​ខ្លួន​ទៅ​តាម​គោលនយោបាយ​នោះ។

៤. ត្រៀមខ្លួនសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០៖ ត្រូវយល់ដឹងពីបច្ចេកវិទ្យាទំនើបៗឱ្យបានច្រើន ទាក់​នឹង​​​បរិបទ​ការងារ​ថ្មី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ។

៥. ត្រូវចេះ IT និងភាសាអង់គ្លេស៖ ចំណេះដឹង​ទាក់ទង​នឹង​​ Computer និង​ភាសាអង់គ្លេស ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​មនុស្ស​សម័យ​ថ្មី ដូច្នេះ​ត្រូវ​តែ​ខិត​ខំ​សិក្សា​ឱ្យ​បាន​ជ្រៅ​ជ្រះ ឬ​អាច​ប្រើ​ការ​បាន។ ​

៦. ត្រូវចេះសិក្សាជាក្រុម និងរៀនរបៀបធ្វើការជាក្រុម៖ នៅ​បរទេស​ គេ​ចូល​ចិត្ត​ធ្វើ​ជា​ការ​ក្រុម ព្រោះ​វា​អាច​បានលទ្ធផលខ្ពស់ ប៉ុន្តែ​​​បរិបទ​កម្ពុជា​លោក​យល់​ឃើញ​ថា មនុស្ស​ដូច​ជា​ពិបាក​ពេល​ធ្វើការ​ជាក្រុម ដូច្នេះ​យុវជន​សម័យ​ថ្មី​ ត្រូវ​អភិវឌ្ឍ​ខ្លួន​ និង​ត្រូវ​រៀន​សម្រប​ខ្លួន​​ ឱ្យ​ចេះ​ធ្វើការ​ជា​ក្រុម។

៧. ត្រូវមានមនុស្សម្នាក់​ជា​និមិត្ត​រូប​ (Idol) ដើម្បីធ្វើគម្រូតាម៖ មនុស្ស​ជោគជ័យ​ម្នាក់ តែង​​មាន​មនុស្ស​អស្ចារ្យ​ម្នាក់​​​​ជា​និមិត្ត​រូប ​​បើ​មិន​មាន​ទេ នោះ​មាន​ន័យ​ថា​ យើង​គ្រាន់​តែ​​ជា​មនុស្ស​សាមញ្ញ ​គ្មាន​ការ​ខិត​ខំ និង​គ្មាន​ការ​ប្តេជ្ញា​ចិត្ត​នោះ​ទេ។

៨. ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ៖ សុខភាព​ នៅ​តែ​ជា​រឿង​សំខាន់ ទោះ​បី​ថ្នាក់​ដឹកនាំ​កំពូលៗ​​ក៏​តែង​គិត​ពី​សុខភាព​ និងថែ​ទាំ​​កាយ​សម្បទារ​ឱ្យ​បាន​មាំមួន​ផង​ដែរ ដូច្នេះ​ក្នុងនាម​យុវជន មិន​អាច​ប្រងើយ​កន្តើយ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​នោះ​ទេ។

សូមបញ្ជាក់ថា បណ្ឌិត​​ តាន់ មុនីវណ្ណ ​​​កើត​ឆ្នាំ​១៩៧៣​ ហើយ​ម្តាយ​​​បាន​ស្លាប់​​នៅ​សម័យ​ប៉ុលពត ​ខណៈ​ដែល​លោក​​រស់​នៅ​តែលតោល​ ក្នុង​ស្ថានភាព​លំបាក​​​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀនសូត្រ លោក​បាន​បញ្ចប់​ការសិក្សា​​ជា​ច្រើន​ដូចជា បរិញ្ញាបត្រ​ច្បាប់, អនុបណ្ឌិត​ ចំនួន​២ ​ផ្នែក (គ្រប់គ្រង និង​ធុរកិច្ចរដ្ឋបាល) និង​បណ្ឌិត​ ចំនួន​២ ផ្នែក (ច្បាប់ និង​ធុរកិច្ចរដ្ឋបាល)។

បច្ចុប្បន្ន​ បណ្ឌិត​​ តាន់ មុនីវណ្ណ មាន​​តួនាទី​ក្នុង​សង្គម​ជា​ច្រើន​ដូចជា ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍ សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា សមាជិក​សមាគម​អ្នក​សាងសង់​អាស៊ាន ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន​ អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា ទី​ប្រឹក្សា​ភិបាល​​សមាគម​ស្ត្រី​កម្ពុជា​ ក្រុមប្រឹក្សា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ សមាជិក​មេធាវី នៃ​​គណៈ​មេធាវី​កម្ពុជា។ ​រីឯតួនាទីឯកជន លោក​គឺជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ជាម្ចាស់​​ក្រុមហ៊ុន​ចំនួន​១០ ផងដែរ៕