អ្នកឧកញ៉ា ថេង ប៊ុនម៉ា ជា សេដ្ឋីមានទ្រព្យសម្បត្តិដ៏ស្តុកស្ដម្ភម្នាក់នៅក្នុងប្រទេសកម្ពុជាក៏ជាពាណិជ្ជករមួយរូប មានកេរ្តិ៍ឈ្មោះបោះសំឡេងផងដែរនៅក្នុងវិស័យជំនួញទាំងក្នុង និង ក្រៅប្រទេសក្នុងអំឡុងរវាងទសវត្យរ៍ ១៩៨០-២០០០ ហើយមុនទទួលមរណភាព លោកទំនងនៅតែរក្សាឋានៈជាបុគ្គលមានទ្រព្យសម្បត្តិច្រើនរាប់លាននិង មាន អចលនទ្រព្យធំៗ ដែលមានតម្លៃជាច្រើនទីតាំង។
អ្នកឧកញ៉ា ថេង ប៊ុនម៉ា ត្រូវបានស្គាល់ថាជាសេដ្ឋីដែលមានជាងគេម្នាក់ក្នុងចំណោមសេដ្ឋីក្នុងប្រទេសកម្ពុជា ចន្លោះឆ្នាំ១៩៨០ និង ២០០០ ជាស្ថាបនិកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ជាម្ចាស់កម្មសិទ្ធិសណ្ឋាគារលំដាប់ផ្កាយ៥ Intercon និងមានគម្រោងថ្មីៗទៀតដូចជា៖ គម្រោងអគារកំពស់១៣៣ជាន់ លើទីតំាងអតីតមជ្ឈមណ្ឌលកម្សាន្ត ឌ្រីមល៊ែន។
អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលមរណភាពនៅវេលាម៉ោង ១២និង៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។
ស្នាដៃជារូបវន្តរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា នៅក្នុងវិស័យអចលនទ្រព្យសំខាន់ៗ គឺស្ថិតនៅគង់វង្សនៅឡើយ នៅ ក្នុងក្រុងភ្នំពេញ ដូចជា សំណង់ សណ្ឋាគារ Intercontinental Hotel Phnom Penh និង សំណង់ផ្សារអូឡាំពិក។ កាល ពីជិត ២០ឆ្នាំ មុននៅទីក្រុងភ្នំពេញ ពុំមានសំណង់ អគារឬសណ្ឋាគារ ណាមួយខ្ពស់ជាងសណ្ឋាគារ Intercontinental Hotel Phnom Penh ឡើយ។ សំណង់ សណ្ឋាគារ លំដាប់ផ្កាយ ៥ ដ៏ធំស្កឹមស្កៃមានកម្ពស់ ១៥ជាន់ និងមានបន្ទប់ជាង ៣៥០ សាងសង់ឡើងកាលឆ្នាំ ១៩៩៦ និងបើកសម្ពោធជាផ្លូវការនៅឆ្នាំ ១៩៩៨ ជាគម្រោងវិនិយោគដ៏ធំសម្បើម របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។
ដោយឡែក សំណង់ដ៏ធំស្កឹមស្កៃ ផ្សារអូឡាំពិក គឺជាគម្រោងវិនិយោគ ធំ ដំបូងគេផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានអ្នកឧកញ៉ាថេង ប៊ុនម៉ា ជាប្រមុខកាលពីដើមទសវត្យរ៍ ឆ្នាំ ១៩៩០។ សំណង់ ថ្មី នៃ ផ្សារ ដែល មានស្តង់លក់ដូររាប់រយតូបនេះបានលើកស្ទួយតូបរបស់អាជីវករលក់ដូរទាំងនោះឲ្យងើបផុតពីសំណង់ឈើនៅផ្ទាល់ ដីនៅក្រោមដំបូងរោងស័ង្កសី មកស្ថិតនៅលើអគារថ្មដូចដែលបានឃើញរហូតដល់សព្វថ្ងៃនេះ ។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលដំបូងបំផុត គឺអ្នកឧកញ៉ា ថេង ប៊ុនម៉ា។ មុនទទួលមរណភាព លោកបានបន្សល់ទុកនូវទ្រព្យសម្បត្តិ និង ស្នាដៃជាច្រើនក្នុងនោះមានក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ធនាគារ មេគង្គកម្ពុជា សណ្ឋាគារ Intercontinental Hotel Phnom Penh គម្រោងបុរី គុជ និង សណ្ឋាគារ នៅខេត្ត ព្រះសីហនុ និង គម្រោងអគារពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ដែលនឹងក្លាយជា អគារខ្ពស់បំផុត នៅកម្ពុជាដោយមាន ចំនួន ១៣៣ ជាន់ និង កម្ពស់ ជាង ៥០០ ម៉ែត្រ នៅទល់មុខកាស៊ីណូ ណាហ្គាវើលដ៍ អតីតមជ្ឈមណ្ឌលកម្សាន្ត ឌ្រីមលែនឌ៍៕