អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានចូលបន្ទប់សង្គ្រោះបន្ទាន់ ធ្វើការវះកាត់ដាក់រុឺស័រចំនួន ៣ ចូលទៅក្នុងសរសៃឈាមបេះដូងដោយជោគជ័យ នៅប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍កន្លងទៅ ដែលធ្វើឱ្យអ្នកជំនួញ និងសេដ្ឋីៗនៅកម្ពុជាជាច្រើន បានផ្ញើសារជូនពរឱ្យលោកឆាប់ជាសះស្បើយវិញ ប៉ុន្តែក្នុងនោះក៏មានសេដ្ឋីកម្ពុជាចំនួន ២រូប បានធ្វើដំណើរទៅសួរសុខទុក្ខអ្នកឧកញ៉ាដោយផ្ទាល់ផងដែរ គឺអ្នកឧកញ៉ា គិត ម៉េង និងឧកញ៉ា ទៀ វិចិត្រ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឆ្លៀតពេលវេលាដ៏មានតម្លៃ នាំកូនប្រុសរបស់ខ្លួន ទៅសួរសុខទុក្ខអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដល់សណ្ឋាគារតែម្តង កាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហោះសារអរគុណផងដែរថា៖ “បងសូមអរគុណច្រើនខ្លាំងណាស់ ដែលប្អូនបាននាំកូនប្រុស និងឆ្លៀតពេលដ៏មានតម្លៃ មកសាកសួរសុខទុក្ខបង ដល់សណ្ឋាគារ Carlton Hotel Singapore”។

ចំណែកឯឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia ក៏បាននាំភរិយា ទៅសួរសុខទុក្ខអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដោយផ្ទាល់ ព្រមទាំងបានជូនកាដូបន្តិចបន្តួចផងដែរ។ ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារលើហ្វេសប៊ុកថា៖ “មកដល់ម៉ោងនេះ ក្រោយពីធ្វើការវះកាត់ លោកពូពិតជាមានសុខភាពល្អធម្មតាដូចដើមវិញហើយ គោរពស្រលាញ់លោកពូពេញបេះដូង”។

តាមការបញ្ជាក់របស់លោកជំទាវ ម៉ុង សុធា ដែលជាកូនស្រីរបស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានឱ្យដឹងថា បន្ទាប់ពីចេញពីសម្រាកនៅបន្ទប់ ICU មួយយប់មក សុខភាពឪពុករបស់លោកស្រីប្រសើរខ្លាំងណាស់ ហើយលោកស្រីក៏សូមអរគុណបងប្អូននៅក្នុងហ្វេសប៊ុកទាំងអស់ ដែលបានជូនពរឪពុករបស់លោកស្រី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារមហាសេដ្ឋី ម៉ុង ឫទ្ធីមានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី ភរិយា និងកូនៗ ព្រមទាំងមានមេធាវីចូលរួមដឹងឮផងដែរ ក្រែងមានបញ្ហាអ្វីមួយកេីតឡេីងដោយចៃដន្យនោះ លោកឧកញ៉ា ត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយផ្លូវសម្រាប់អោយ កូនៗដេីរឱ្យហើយ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្លួន និងប្រពន្ធដែលមាន ដើម្បីបញ្ចៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ ទៅថ្ងៃក្រោយ៕

